WSJ៖ អេមីរ៉ាតអារ៉ាប់រួម បើកការវាយប្រហារជាសម្ងាត់លើអ៉ីរ៉ង់ កាលពីខែមេសា (Video inside)
12-05-2026 09:58
(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal (WSJ) បានរាយការណ៍ថា អេមីរ៉ាតអារ៉ាប់រួមបានបើកការវាយប្រហារជាសម្ងាត់លើអ៉ីរ៉ង់ កាលពីដើមខែមេសាកន្លងទៅ ដែលនេះជាការទម្លាយឱ្យដឹងពីការចូលរួមដែលគេមិនបានដឹងពីមុនមករបស់ប្រទេសអារ៉ាប់មួយក្នុងសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ WSJ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ការវាយប្រហាររបស់អេមីរ៉ាតអារ៉ាប់ បានធ្វើឡើងដោយកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងមួយស្ថិតនៅលើកោះ Lavan របស់អ៉ីរ៉ង់ ហើយការវាយប្រហារនេះដែរ កើតឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់ក្នុងសង្រ្គាមអ៉ីរ៉ង់ ក្រោយយុទ្ធនាការទម្លាក់គ្រាប់បែកអស់ជាង ៥សប្ដាហ៍។
តាម WSJ សហរដ្ឋអាមេរិក បានស្វាគមន៍យ៉ាងស្ងៀមស្ងាត់ចំពោះការវាយប្រហាររបស់អេមីរ៉ាតអារ៉ាប់រួម និងបណ្ដាប្រទេសអារ៉ាប់ដទៃទៀតក្នុងតំបន់ឈូងសមុទ្រដែលចង់ចូលរួម ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ AFP មិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យលើការវាយប្រហាររបស់អេមីរ៉ាតអារ៉ាប់រួមឡើយ ហើយ WSJ ក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការវាយប្រហារនេះនោះដែរ។ ក៏ប៉ុន្តែ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB បានធ្វើសេចក្ដីរាយការណ៍ថាការវាយប្រហារដោយមីស៊ីល និងដ្រូនលើ អេមីរ៉ាតអារ៉ាប់រួម និងកូវ៉ែត បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអ៉ីរ៉ង់នៅលើកោះ Lavan។
គួរបញ្ជាក់ថា បើតាម IRIB រោងចក្រប្រេងនៅលើកោះ Lavan បានរងការវាយប្រហារនៅម៉ោងប្រហែលជា ១០ព្រឹក កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ។ ក្នុងថ្ងៃដដែលនោះដែរ ពោលគឺប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ចូលជាធរមាន អេមីរ៉ាតអារ៉ាប់រួមបាននិយាយថាខ្លួនបានរងការវាយប្រហារដោយមីស៊ីល ១៧គ្រាប់ និងដ្រូន ៣៥គ្រាប់ ពីអ៉ីរ៉ង់ ខណៈកូវ៉ែត អះអាងថាខ្លួនបានប្រឈមនឹងការវាយប្រហារលើរោងចក្រប្រេង និងរោងចក្រចម្រាញ់ប្រៃទៅជាទឹកសាប៕






