លីបង់ស្នើអាមេរិក ដាក់សម្ពាធលើអ៉ីស្រាអែល ខណៈការវាយប្រហារនៅតែបន្តក្រោយបទឈប់បាញ់ (Video inside)

12-05-2026 11:54

(បេរូត)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីលីបង់ បានស្នើសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៉ីស្រាអែល ឱ្យឈប់វាយប្រហារ និងឈូសឆាយផ្ទះសម្បែង នៅភាគខាងត្បូងប្រទេសលីបង់ ខណៈចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែល ចេះតែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ លោក Michel Issa ប្រធានាធិបតីលីបង់ លោក Joseph Aoun បានសង្កត់ធ្ងន់ពីភាពចាំបាច់ឱ្យមានការដាក់សម្ពាធលើអ៉ីស្រាអែល ដើម្បីបញ្ឈប់ការបាញ់ប្រហារ និងប្រតិបត្តិការយោធា ព្រមទាំងការបំផ្លិចបំផ្លាញ និងឈូសឆាយផ្ទះសម្បែង។

អ៉ីស្រាអែល​ បាន​វាយកម្ទេច​ភូមិ​នានា ​នៅ​ភាគខាងត្បូងប្រទេសលីបង់ ដោយ​និយាយថា ខ្លួន​កំពុង​ធ្វើ​សកម្មភាព​ប្រឆាំងក្រុម​ហេសបូឡា ដែល​​បង្កប់​ខ្លួនក្នុង​តំបន់​ស៉ីវិល។ តាមក្រសួងសុខាភិបាលលីបង់ មនុស្ស ៧៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នារយៈពេល ៣ថ្ងៃចុងក្រោយនេះ ទោះជាមានការប្រកាសបទឈប់បាញ់ជាមួយក្រុមហេសបូឡាលីបង់ កាលពីខែមុនក៏ដោយ៕