អ៊ុយក្រែននិងរុស្ស៉ីបន្តការវាយប្រហារដាក់គ្នា បន្ទាប់ពីបទឈប់បាញ់៣ថ្ងៃ ផុតសុពលភាព (Video inside)
12-05-2026 13:33
(កៀវ/មូស្គូ)៖ ការវាយប្រហារដាក់គ្នាបានបន្តរវាងអ៊ុយក្រែននិងរុស្ស៉ី ស្របពេលដែលបទឈប់បាញ់រយៈពេល៣ថ្ងៃ បានផុតសុពលភាព នាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។
បន្ទាប់ពីបទឈប់បាញ់ផុតសុពលភាព អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានវាយប្រហាររដ្ឋធានីកៀវដោយប្រើប្រាស់ដ្រូន ហើយសម្លាប់មនុស្សម្នាក់ នៅតំបន់ Dnipropetrovsk ភាគខាងកើតប្រទេស។ ដោយឡែក យោធារុស្ស៉ីវិញ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២៧គ្រឿង។ តាំងពីមុនពេលបទឈប់បាញ់ផុតសុពលភាពទៅទៀត ប្រទេសទាំងពីរ បានចោទគ្នាទៅវិញទៅមកអំពីការវាយប្រហារលើជនស៉ីវិល ដែលជាការបំពានការព្រមព្រៀងគ្នា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់ខាងលើ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ មុនពេលរុស្ស៉ីប្រារព្ធពិធីអបអរទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា។ ពេលនោះ លោក ត្រាំ បាននិយាយថា លោកចង់ឃើញបទឈប់បាញ់ត្រូវបានពន្យារពេលលើសពី៣ថ្ងៃ ហើយថែមទាំងបង្ហាញក្តីសង្ឃឹមថា វានឹងអាចបម្រើជាចំណុចចាប់ផ្តើម នៃទីបញ្ចប់សម្រាប់ជម្លោះ ដែលអូសបន្លាយជាង៤ឆ្នាំមកហើយ។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងចរចាដើម្បីស្វែងរកសន្តិភាព សម្រាប់សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន មកទល់ពេលនេះនៅមិនទាន់អាចសម្រេចបានលទ្ធផល ហើយជម្លោះនេះ ហាក់បានធ្លាក់ចុះការយកចិត្តទុកដាក់ ចាប់តាំងតែពីសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ប៉ុន្តែសេចក្តីប្រកាសបទឈប់បាញ់របស់លោក ត្រាំ បានបង្កើនក្តីសង្ឃឹមខ្លះថា កិច្ចចរចាដឹកនាំដោយអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ី អាចនឹងបន្តឡើងវិញ៕






