ម៉ាឡេស៉ី ស្វែងរកអ្នកបាត់ខ្លួន ១៤នាក់ បន្ទាប់ពីទូកអន្តោប្រវេសន៍មួយគ្រឿង លិចក្នុងសមុទ្រ (Video inside)
12-05-2026 14:22
(គូឡាឡាំពួ)៖ ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៉ី បានបើកប្រតិបត្តិការស្វែងរកមនុស្សចំនួន ១៤នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿង ដែលគេជឿថាបានដឹកជនអន្តោប្រវេសន៍ឥណ្ឌូណេស៉ី គ្មានឯកសារត្រឹមត្រូវ បានលិចនៅក្បែរឆ្នេរសមុទ្រភាគខាងលិចប្រទេសម៉ាឡេស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។
ការស៉ើបអង្កេតបឋមបង្ហាញថា ទូកដែលបានលិចនោះ មានដឹកមនុស្ស ៣៧នាក់ ចេញដំណើរពីទីក្រុង Kisaran របស់ឥណ្ឌូណេស៉ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្ពោះទៅកាន់គោលដៅជាច្រើនរបស់ម៉ាឡេស៉ី រួមទាំងរដ្ឋធានី Kuala Lumpur និងកោះ Penang នៅភាគពាយ័ព្យប្រទេស។
នាយកផ្នែកដែនសមុទ្រប្រចាំរដ្ឋ Perak លោក Mohamad Shukri Khotob បានឱ្យដឹងថា អ្នកនេសាទម្នាក់បានជូនដំណឹងដល់អាជ្ញាធរ បន្ទាប់ពីឃើញជនរងគ្រោះអណ្តែតក្នុងទឹក នៅកោះ Pangkor។ លោកបញ្ជាក់ថា គិតត្រឹមពេលនេះ ជនរងគ្រោះដែលនៅសេសសល់ មិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយប្រតិបត្តិការស្វែងរកកំពុងបន្ត។
គួរបញ្ជាក់ថា ជាទូទៅ គ្រោះថ្នាក់ដែលកើតមាននៅលើផ្លូវទឹកចន្លោះឥណ្ឌូណេស៉ី និងម៉ាឡេស៉ី ពាក់ព័ន្ធទូកដឹកកម្មករលើសចំណុះដែលស្វែងរកការងារធ្វើនៅតាមចម្ការ និងរោងចក្រក្នុងប្រទេសម៉ាឡេស៉ី៕






