អ៉ីស្រាអែល បង្កើតតុលាការយោធា សម្រាប់កាត់ទោសក្រុមហាម៉ាស (Video inside)

12-05-2026 15:01

(ហ៊្សេរុយសាឡិម)៖ សភាអ៉ីស្រាអែល បានអនុម័តច្បាប់ឱ្យបង្កើតតុលាការយោធាមួយ ទុកសម្រាប់កាត់ទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ ដែលបានចូលរួមក្នុងការវាយប្រហារលើអ៉ីស្រាអែល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាជំហានមួយដែលអ្នកតាក់តែងច្បាប់និយាយថា នឹងជួយព្យាបាលរបួសផ្លូវចិត្តជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។

ការឆ្មក់ចូលទឹកដីអ៉ីស្រាអែលថ្ងៃទី២៣ ខែតុលា ដែលធ្វើឡើងដោយក្រុម Nukhba មកពីក្រុមសកម្មប្រយុទ្ធហាម៉ាស គឺជាការវាយប្រហារដ៏សាហាវបំផុតលើជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាល Holocaust។ យ៉ាងហោចណាស់មនុស្ស ១ ២០០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៉ីវិល។

អ៉ីស្រាអែល បានសងសឹកវិញដោយបើកការវាយប្រហារតាមផ្លូវអាកាស និងជើងគោកលើតំបន់ហ្កាហ្សា សម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧២ ០០០នាក់ ភាគច្រើនជាជនស៉ីវិល ហើយចាប់ខ្លួន​អ្នកប្រយុទ្ធ​ប្រមាណ ២០០នាក់ ​ទៅ៣០០នាក់ ដែលមិនទាន់​ត្រូវ​បាន​ចោទប្រកាន់​នៅឡើយ​។

តុលាការយោធាពិសេស ដឹកនាំដោយគណៈកម្មការចៅក្រម ៣រូប នៅទីក្រុងហ៊្សេរុយសាឡិម ក៏អាចកាត់ទោសអ្នកផ្សេងទៀត ដែលត្រូវចាប់ខ្លួនក្រោយផ្ទុះសង្រ្គាមហ្កាហ្សា និងដែលត្រូវបានសង្ស័យថា ចូលរួមក្នុងការវាយប្រហារ ឬបានចាប់ ឬរំលោភចំណាប់ខ្មាំងអ៉ីស្រាអែល។

ក្រុមអ្នកតាក់តែងច្បាប់មកពីរដ្ឋាភិបាលចម្រុះ និងគណបក្សប្រឆាំងនៅអ៉ីស្រាអែល បានចូលរួមសរសេរសេចក្តីព្រាង ដែលសំដៅធានាថាជនសង្ស័យទាំងអស់ ត្រូវបាននាំខ្លួនយកមកកាត់ទោស ក្រោមច្បាប់ព្រហ្មទណ្ឌអ៉ីស្រាអែលដែលមានស្រាប់ ចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាឧក្រិដ្ឋកម្មប្រឆាំងជនជាតិជ្វីហ្វ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម៕