អ្នកវិទ្យាសាស្រ្តព្រមានថា ភ្លើងឆេះព្រៃនឹងកាន់តែធ្ងន់ធ្ងរ នាចុងឆ្នាំនេះ
12-05-2026 16:32
(Reuters)៖ កត្តាប្រែប្រួលអាកាសធាតុ បានជំរុញឱ្យមានចរន្តភ្លើងឆេះព្រៃច្រើនបំផុតមិនធ្លាប់មាន នៅទ្វីបអាហ្វ្រិក អាស៉ី និងកន្លែងផ្សេងទៀតក្នុងឆ្នាំនេះ ហើយស្ថានភាពអាចកាន់តែអាក្រក់ទៅៗ ពេលដែលរដូវក្តៅនៅអឌ្ឍគោលខាងជើងខិតចូលមកដល់ និងការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ El Nino។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។
ទិន្នន័យចងក្រងដោយ World Weather Attribution ដែលជាបណ្តុំអ្នកស្រាវជ្រាវពីការឡើងកម្តៅផែនដី បានឱ្យដឹងថា ភ្លើងឆេះព្រៃចាប់ពីខែមករា ដល់ខែមេសា បង្កការខូចខាតដល់ផ្ទៃដីជាង ១៥០លានហិកតា ពោលគឺច្រើនជាង ២០ភាគរយពីកំណត់ត្រាមុន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា កំណត់ត្រាសីតុណ្ហភាព អាចនឹងត្រូវបានបំបែកក្នុងឆ្នាំនេះ ដោយគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃរីករាលដាល ជាមួយនិងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយឥទ្ធិពលនៃបាតុភូត El Nino។
នៅអាហ្វ្រិក ផ្ទៃដី ៨៥លានហិកតាត្រូវបានឆេះ ដែលច្រើនជាង ២៣ភាគរយ ធៀបនឹងកំណត់ត្រាមុន ៦៩លានហិកតា។ នៅអាស៉ី ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដី ៤៤លានហិកតារក្នុងឆ្នាំនេះ ដែលជិត ៤០ភាគរយច្រើនជាងឆ្នាំកំណត់ត្រាចាស់ ២០១៤ ដោយឥណ្ឌា មីយ៉ាន់ម៉ា ថៃ ឡាវ និងចិន ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។
អ្នកវិទ្យាសាស្រ្តបានព្រមានថា ហានិភ័យភ្លើងឆេះព្រៃអាចកាន់តែអាក្រក់ទៅៗនៅចុងឆ្នាំ២០២៦នេះ ដោយបាតុភូត El Nino បង្កើនលទ្ធភាពនៃការឡើងកម្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ក៏ដូចជាព្រៃអាម៉ាហ្សូន៕






