មនុស្ស ១០នាក់ស្លាប់ ក្នុងការផ្ទុះនៅផ្សារមួយកន្លែងភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

12-05-2026 19:32

(ដេរ៉ា អ៊ីស្លាម ខាន់)៖ មន្ត្រីប៉ូលិស និងក្រុមជួយសង្គ្រោះបានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯទីផ្សារដ៏កកកុញមួយកន្លែង នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នាថ្ងៃអង្គារនេះ បានសម្លាប់មនុស្សចំនួន ១០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះអាចនឹងបង្កឱ្យមានការកើនឡើងនូវភាពតានតឹង និងការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការផ្ទុះនៅផ្សារ Naurang នេះបានបង្កឱ្យមានការភិតភ័យយ៉ាងខ្លាំង ខណៈអគារលក់ដូរ និងយានយន្តជាច្រើនត្រូវបានកម្ទេច។ ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានជនស៊ីវិល ៨នាក់ និងមន្ត្រីប៉ូលិស ២នាក់ ហើយអាជ្ញាធរសង្ស័យថា ករណីនេះគឺជាការប្រើប្រាស់ឧបករណ៍ផ្ទុះកែច្នៃ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយរថយន្តផ្ទុកគ្រាប់បែកលើប៉ុស្តិ៍ប៉ូលិសក្នុងស្រុក Bannu កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មន្ត្រីប៉ូលិសចំនួន ១៥នាក់។

ប៉ាគីស្ថានបានទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានផ្ញើសារតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលទីក្រុងកាប៊ុល។ ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ូឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា «គ្មានមូលដ្ឋាន» ព្រមទាំងបានអះអាងសាជាថ្មីថា អាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ឡើយ៕