អ៊ីរ៉ង់ព្រមានបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការវាយប្រហារសាជាថ្មី (Video inside)

12-05-2026 20:28

(ឌូបៃ)៖ អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉េសាអី (Ebrahim Rezaei) បានព្រមាននាថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់អាចនឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម​ ឱ្យដល់កម្រិត ៩០ភាគរយ ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើអ៊ីរ៉ង់ត្រូវរងការវាយប្រហារសាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក រ៉េសាអី បានគូសបញ្ជាក់តាមរយៈបណ្ដាញសង្គម X ថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត ៩០ភាគរយ គឺជាជម្រើសមួយរបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបនឹងការវាយប្រហារ ហើយសភានឹងធ្វើការពិចារណាលើបញ្ហានេះ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសំណើរបស់អ៊ីរ៉ង់ និងបានព្រមានថាបទឈប់បាញ់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល «ដង្ហើមចង្រិត» ដែលនេះបង្ហាញពីភាពផុយស្រួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំមុន លោក ត្រាំ ធ្លាប់បានអះអាងថា មជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ ប៉ុន្តែទោះជាយ៉ាងណា ជោគវាសនានៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ ប្រមាណ ៤០០គីឡូក្រាមរបស់អ៊ីរ៉ង់ ដែលត្រូវការតែមួយជំហានបច្ចេកទេសទៀតប៉ុណ្ណោះនឹងឈានដល់កម្រិត ៩០ភាគរយនោះ នៅតែជាអាថ៌កំបាំង។

បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរគឺជាឧបសគ្គដ៏ធំបំផុតនៅក្នុងការចរចា ដោយទីក្រុងតេហេរ៉ង់ចង់ពន្យារការពិភាក្សានេះទៅពេលក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោន​ទាមទារដាច់ខាតឱ្យអ៊ីរ៉ង់បញ្ជូនស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ចេញទៅក្រៅប្រទេស និងលះបង់ចោលការចម្រាញ់នុយក្លេអ៊ែរក្នុងស្រុកទាំងស្រុង៕