អឺរ៉ុបគ្រោងអញ្ជើញមន្ត្រីតាលីបង់មកជួបផ្ទាល់ ដើម្បីជជែករឿងបណ្តេញជនចំណាកស្រុកអាហ្វហ្គានីស្ថាន
12-05-2026 22:02
(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបគ្រោងនឹងរៀបចំជំនួបលើកដំបូងជាមួយមន្ត្រីតាលីបង់ នៅក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការបណ្តេញជនចំណាកស្រុកអាហ្វហ្គានីស្ថានត្រឡប់ទៅវិញ បើទោះបីជាមានការព្រមានពីក្រុមសិទ្ធិមនុស្សយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក ម៉ាកុស ឡាំមឺត (Markus Lammert) បានបញ្ជាក់នាថ្ងៃអង្គារនេះថា ជំនួបនេះកំពុងត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយប្រទេសស៊ុយអែត តាមសំណើរបស់រដ្ឋសមាជិកផ្សេងទៀត ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ឡើយ។ ភាគីអឺរ៉ុបបានផ្ញើលិខិតផ្លូវការទៅកាន់អាជ្ញាធរអាហ្វហ្គានីស្ថានរួចហើយ ដើម្បីសាកសួរពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសនេះ។
លោក ឡាំមឺត បានសង្កត់ធ្ងន់ថា របៀបវារៈចម្បង គឺផ្តោតលើការបញ្ជូនត្រឡប់ទៅវិញនូវជនចំណាកស្រុកណាដែលត្រូវបានចាត់ទុកថាជា «ការគំរាមកំហែងដល់សន្តិសុខ» ប៉ុណ្ណោះ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ជំនួបនេះមិនមែនមានន័យថា សហភាពអឺរ៉ុប (EU) ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការនោះទេ។ គួររំលឹកថា លោកខាងលិចបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចផ្តួលរំលំរដ្ឋាភិបាលចាស់កាលពីឆ្នាំ២០២១ មកម្ល៉េះ៕




