អូស្ត្រាលីនឹងចូលរួមក្នុងបេសកកម្មដឹកនាំដោយបារាំង និងអង់គ្លេស ក្នុងតំបន់ច្រកសមុទ្រ Hormuz (Video inside)

13-05-2026 09:55

(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថាអូស្ត្រាលីនឹងចូលរួមក្នុងបេសកកម្មមួយដែល ផ្តោតទៅលើការការពារដឹកនាំដោយបារាំង និងចក្រភពអង់គ្លេស ដើម្បីធានាសុវត្ថិភាពការធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំមួយដែលមាន៤០ប្រទេសចូលរួម លោក Marles បានគូសបញ្ជាក់ទៀតថាអូស្ត្រាលីនឹងបញ្ជូនយន្ដហោះស៊ើបការណ៍ Wedgetail E-7A មួយគ្រឿង ដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ារួចទៅហើយនោះ ដើម្បីការពារអេមីរ៉ាតអារ៉ាប់រួមពីការវាយប្រហារដោយដ្រូនពីអ៉ីរ៉ង់។ «អូស្ត្រាលីបានត្រៀមខ្លួន រួចជាស្រេចដើម្បីគាំទ្រដល់បេសកកម្មពហុជាតិសាសន៍ដោយឯករាជ្យ និងផ្តោតលើការការពារដឹកនាំដោយបារាំង និងចក្រភពអង់គ្លេស នៅពេលបេសកកម្មនេះត្រូវបាន បង្កើតឡើង»។ នេះជាការបន្ថែមរបស់លោក Marles នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។

តាមលោក Marles បេសកកម្មពហុជាតិសាសន៍មួយនឹងត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមលើការចូលរួមការទូត និងកិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ ខណៈបង្ហាញពី ការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិសុខនៃពាណិជ្ជកម្មអន្តរជាតិ៕