មុនស្វាគមន៍លោក ត្រាំ ចិនថាត្រៀមខ្លួនជាស្រេច ដើម្បីវាយបំបាក់ការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់

13-05-2026 10:42

(ប៉េកាំង)៖ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាទីក្រុងប៉េកាំងប្រឆាំងដាច់ខាតនឹងឯករាជ្យភាពរបស់តៃវ៉ាន់ ហើយថា សមត្ថភាពរបស់ចិនដើម្បីវាយបំបាក់ចលនាឧទ្ទាមផ្ដាច់ខ្លួន គ្មានអ្វីអាចរារាំងបានឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមានបែបនេះរបស់ចិនធ្វើឡើងនៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ បញ្ហាតៃវ៉ាន់ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប្រាកដណាស់នឹងក្លាយជាប្រធានបទដ៏ក្ដៅគគុក មួយអំឡុងកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរវាងមេដឹកនាំទាំង២ក្នុងសប្ដាហ៍នេះ។

នៅមុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅប៉េកាំង មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដែលប៉េកាំងចាត់ទុកថាជាជនឧទ្ទាមផ្ដាច់ខ្លួន បានថ្លែងទៅកាន់កម្មវិធី​ Copenhagen Democracy Summit កាលពីថ្ងៃអង្គារថាតៃវ៉ាន់ជាប្រជាជាតិមានឯករាជ្យភាព និងអធិបតេយ្យមួយ ហើយនឹងមិនចុះញ៉មចំពោះសម្ពាធពីចិននោះទេ។

ប៉ុន្តែ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Zhang Han បានទទូចថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ហើយនឹងមិនអាចក្លាយជាប្រទេសមួយដាច់ខាត។ «មិនថា (លោក) ⁠Lai Ching-te និយាយកុហកប៉ុន្មានដង ឬរាប់ពាន់ដងទេ ក៏វាគ្រាន់តែជាពាក្យកុហក ហើយមិនអាចក្លាយជាការពិតដាច់ខាត។ ការប្ដេជ្ញាចិត្តរបស់យើង ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់គឺរឹងមាំដូចថ្ម ហើយសមត្ថភាពរបស់យើងដើម្បីវាយបំបាក់ឯករាជ្យភាពរបស់តៃវ៉ាន់មិនមានអ្វីអាចមករារាំងបានឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក Zhang Han។

គួរបញ្ជាក់ថា ខណៈមិនដែលច្រានចោលជម្រើសប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ ចិនបានអះអាងជារឿយៗថាចង់បង្រួបបង្រួមមួយតៃវ៉ាន់ដោយសន្តិវិធី។ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ តែគឺជាអ្នកគាំទ្រដ៏សំខាន់បំផុត ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ផងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការលក់អាវុធគិតជាទឹកប្រាក់ ១១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់៕