បារាំង ថាប្រទេស១១ថែមទៀត គាំទ្រឱ្យរឹតត្បិតអំណាចវ៉េតូ នៅក្រុមប្រឹក្សាសន្តិសុខ UN (Video inside)

13-05-2026 13:41

(ណៃរ៉ូប៊ី)៖ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បារាំងបាន​ឱ្យដឹងថា ប្រទេសអាហ្វ្រិកចំនួន១១ថែមទៀត បានគាំទ្រគំនិតផ្តួចផ្តើមរួមរបស់ខ្លួនជាមួយម៉ិកស៉ិក ដែលមានគោលដៅរឹតត្បិត ការប្រើប្រាស់សិទ្ធិបោះឆ្នោតជំទាស់ឬវ៉េតូ នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា ប្រទេសអាហ្រ្វិកចំនួន១១ថែមទៀត បានផ្តល់ការគាំទ្ររបស់ពួកគេ អំឡុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចមួយ ដែលប្រារព្ធឡើងនៅរដ្ឋធានីណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា នាំឱ្យចំនួនប្រទេសគាំទ្រសរុបកើនដល់១១៨ប្រទេស។

លោក Barrot បានលើកឡើងថា «ខ្ញុំអញ្ជើញប្រទេសទាំងអស់ដែលមិនទាន់បានធ្វើដូច្នេះនៅឡើយ ឱ្យចូលរួមជាមួយពួកយើង។ វាគឺជាការបោះជំហានមួយ ដើម្បីការពារមនុស្សគ្រប់រូបនៅលើពិភពលោក ពីអំពើសាហាវឃោរឃៅទ្រង់ទ្រាយធំ ដូចជាប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលមានលក្ខណៈធ្ងន់ៗបំផុត»។ បើតាមប្រធានាធិបតីបារាំង លោក Emmanuel Macron ផែនការខាងលើមានគោលដៅចង់បញ្ចប់ការប្រើអំណាចវ៉េតូ ក្នុងករណីនៃការប្រព្រឹត្តអំពើសាហាវឃោរឃៅទ្រង់ទ្រាយធំ។

គំនិតផ្តួចផ្តើមនេះត្រូវការការគាំទ្រពីប្រទេសសរុបចំនួន១២៩ ដើម្បីអាចអនុម័តក្នុងសំឡេង២ភាគ៣ នៃសមាជិកមហាសន្និបាតរបស់ UN។ តាមប្រភពអ្នកការទូត បារាំងកំពុងសង្ឃឹមថា នឹងអាចស្វែងរកសំឡេងគាំទ្របានគ្រប់គ្រាន់ មុនការបើកមហាសន្និបាតនាខែកញ្ញា ដើម្បីដាក់ដំណោះស្រាយនោះឱ្យគេបោះឆ្នោត។

ដំណោះស្រាយរបស់មហាសន្និបាត UN នឹងពុំមានលក្ខណៈចាប់បង្ខំឱ្យត្រូវអនុវត្តនោះទេ បើទោះបីជាវាត្រូវបានអនុម័តក្នុងសំឡេង​២ភាគ៣ក៏ដោយ។ ប៉ុន្តែគេសង្ឃឹម ចង់ឱ្យមានភាពលំបាកជាងមុន សម្រាប់សមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ រួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់អំណាចវ៉េតូរបស់ខ្លួន ក្នុងករណីដូចបានរៀបរាប់ខាងលើ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN ភាគច្រើនជាប់គាំងធ្វើអ្វីមិនកើត ព្រោះតែការបោះឆ្នោតវ៉េតូ ជាពិសេសដោយរុស្ស៉ីនិង​សហរដ្ឋអាមេរិក ជាហេតុនាំឱ្យមានការរិះគន់យ៉ាងទូលំទូលាយ ចំពោះសមត្ថភាពរបស់ស្ថាប័នកំពូលអន្តរជាតិមួយនេះ ក្នុងការជួយបិទបញ្ចប់ជម្លោះ។ ប្រទេសអាហ្រ្វិកជាច្រើន បានមានភាពស្ទាក់ក្នុងការគាំទ្រគំនិតផ្តួចផ្តើមរួមរបស់បារាំងនិងម៉ិកស៉ិក ដោយបារម្ភថា វាអាចនឹងជំនួសគោលដៅកំណែទម្រង់គ្រប់ជ្រុងជ្រោយ នៃក្រុមប្រឹក្សាសន្តិសុខ និងការតំណាងប្រសើរជាងមុន​សម្រាប់ទ្វីបអាហ្រ្វិក នៅក្នុងស្ថាប័ននេះ៕