គម្រោងកសាងខែលការពារមីស៉ីល Golden Dome របស់ប្រធានាធិបតីអាមេរិក អាចត្រូវចំណាយរហូតដល់១,២ទ្រីលានដុល្លារ សម្រាប់រយៈពេល២០ឆ្នាំ

13-05-2026 14:22

(វ៉ាស៉ីនតោន)៖ ការិយាល័យកញ្ចប់ថវិកានៃសភាជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ (CBO) កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានស្ទាបស្ទង់ឃើញថា គម្រោងខែលការពារមីស៉ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចត្រូវចំណាយរហូតដល់ទៅ១,២ទ្រីលានដុល្លារឯណោះ សម្រាប់រយៈពេល២០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

របាយការណ៍របស់ CBO បាននិយាយថា ក្នុងចំណោមថវិកា១,២ទ្រីលានដុល្លារនោះ គឺជាង១ទ្រីលានដុល្លារ នឹងត្រូវចំណាយលើការទិញសម្ភារចម្បងៗ រួមមានប្រព័ន្ធបាញ់ស្ទាក់ ផ្កាយរណបប្រកាសអាសន្ន និងប្រព័ន្ធតាមដាន ជាដើម។ សមាសធាតុដែលថ្លៃជាងគេបង្អស់ គឺស្រទាប់ប្រព័ន្ធស្ទាក់ចាប់មីស៉ីល ត្រូវបំពាក់នៅ​ទីអវកាស ដែលនឹងទាមទារប្រហែល ៧០ភាគរយ នៃថ្លៃចំណាយសរុប។ ចំណែកការចំណាយជាមធ្យមប្រឆាំឆ្នាំ សម្រាប់ការធ្វើប្រតិបត្តិការនិងគាំទ្រ គឺនឹងស្ថិតនៅខ្ទង់៨,៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា លោក ត្រាំ បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ អភិវឌ្ឍផែនការសម្រាប់កសាងប្រព័ន្ធខែលការពារមីស៉ីលបច្ចេកវិទ្យាខ្ពស់ ហៅថា Golden Dome កាលពីចុងខែមករា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយពេលត្រឡប់មកកាន់អំណាចសាជាថ្មី។ នៅខែឧសភា ឆ្នាំដដែលនោះ លោក ត្រាំ បានប្រកាសថា ថវិកា២៥ពាន់លានដុល្លារ ត្រូវបានកំណត់សម្រាប់គម្រោង Golden Dome ដោយវាយតម្លៃថា ការចំណាយសរុបនឹងមានចំនួនត្រឹម១៧៥ពាន់លានដុល្លារប៉ុណ្ណោះ៕