លីបង់៖ មនុស្សសរុប៣៨០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល គិតចាប់តាំងពីប្រកាសបទឈប់បាញ់ (Video inside)

13-05-2026 14:45

(បេរូត)៖ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ អ៉ីស្រាអែលបានបន្តការវាយប្រហារនៅភាគខាងត្បូងលីបង់ មុនកិច្ចពិភាក្សា​រវាងប្រទេសទាំងពីរនៅទីក្រុងវ៉ាស៉ីនតោន ខណៈទីក្រុងបេរូតបានរាយការណ៍ថា មនុស្សសរុប៣៨០នាក់ហើយ ត្រូវបានសម្លាប់ក្នុង​ការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលលីបង់និងអ៉ីស្រាអែល នឹងត្រូវបើកកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ អ៉ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលនៅតែបន្តការប្រយុទ្ធគ្នា ជាមួយក្រុមហេសបូឡា បើទោះបីជាមានបទឈប់បាញ់ក្តី។ ក្រោមលក្ខខណ្ឌបទឈប់បាញ់​នោះ អ៉ីស្រាអែលមានសិទ្ធិ ដើម្បីធ្វើសកម្មភាពប្រឆាំងអ្វីដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងភ្លាមៗ។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែល កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស ១៣នាក់ទៀត នៅភាគខាងត្បូង។ ក្រសួងបានថ្កោលទោសថា អ៉ីស្រាអែលហាក់បានជាន់ឈ្លីទាំងស្រុង លើបទដ្ឋានអន្តរជាតិនានា។ ដោយឡែក ក្រុមហេសបូឡា ក៏បានបន្តសកម្មភាពវាយប្រហាររបស់ខ្លួនដែរ ទាំងទៅលើកងទ័ពអ៉ីស្រាអែល ដែលបានឈ្លានពាន​ភាគខាងត្បូងលីបង់ និងទៅលើប្រទេសអ៉ីស្រាអែលតែម្តង។ ហេសបូឡា បានអះអាងថា ការវាយប្រហារទាំងនោះ គឺឆ្លើយតបចំពោះ​ការបំពានបទឈប់បាញ់ដោយអ៉ីស្រាអែល។

គួរបញ្ជាក់ថា បើតាមអះអាងកាលពីថ្ងៃអង្គាររបស់រដ្ឋមន្រ្តីសុខាភិបាលលីបង់ លោក Rakan Nassereddine គិតចាប់តាំងពីមានបទឈប់បាញ់ មនុស្ស៣៨០នាក់ត្រូវបានសម្លាប់ និង១១២២នាក់ បានរងរបួស។ ចំណែក បើគិតចាប់តាំងពី​ការផ្ទុះសង្រ្គាមកាលពីថ្ងៃទី២ ខែមីនាវិញនោះ តួលេខអ្នកស្លាប់សរុបបានកើនដល់ ២ ៨៨២នាក់ ក្នុងនោះមានស្រ្តី២៧៩នាក់ និងកុមារ២០០នាក់៕