ចិនទទូចឱ្យប៉ាគីស្ថាន បង្កើនកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះនៅមជ្ឈិមបូព៌ា (Video inside)
13-05-2026 15:26
(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានទទូចឱ្យប៉ាគីស្ថានបង្កើនបន្ថែមទៀត នូវកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះរវាងអ៉ីរ៉ង់និងសហរដ្ឋអាមេរិក ហើយជួយដោះស្រាយបញ្ហានៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។
លោក Wang Yi កាលពីថ្ងៃអង្គារបានជួបសន្ទនាតាមទូរសព្ទ ជាមួយសមភាគីប៉ាគីស្ថាន លោក Ishaq Dar។ តាម Xinhua នាឱកាសនោះ លោកប្រមុខការទូតចិន បានអំពាវនាវឱ្យប៉ាគីស្ថានព្យាយាមបង្កើនកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះ ហើយចូលរួមចំណែកដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Wang បានបន្ថែមថា ចិននឹងបន្តគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់ប៉ាគីស្ថាន ហើយក៏បង្កើតការចូលរួមចំណែកផ្ទាល់ខ្លួន ឆ្ពោះទៅកាន់គោលដៅនេះផងដែរ។
គួរបញ្ជាក់ថា ប៉ាគីស្ថានបានលេចមុខជាអ្នកសម្រុះសម្រួលចម្បង រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដែលនាពេលនេះកំពុងស្ថិតនៅក្នុងដំណើរការចរចាគ្នា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលអ៉ីរ៉ង់ បានច្រានចោលគំនិតនៃការកែសម្រួលសំណើរបស់ខ្លួន ដែលត្រូវបានលោក ត្រាំ ទាត់ចោលថាជាសំរាមមិនអាចទទួលយកបានទាំងស្រុង។ លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងប៉េកាំង នាថ្ងៃពុធនេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈប្រទេសចិនគឺជាដៃគូយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសអ៉ីរ៉ង់៕






