ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម ស្នើអាមេរិកអនុញ្ញាតឱ្យនាវាដឹកប្រេង ឆ្លងកាត់កន្លែងបិទខ្ទប់ នៅឈូងសមុទ្រមជ្ឈិមបូព៌ា (Video inside)
13-05-2026 15:54
(ហាណូយ)៖ ក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋវៀតណាម PVOIL បានឱ្យដឹងថា បុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួន បានស្នើកងទ័ពជើងទឹកអាមេរិក អនុញ្ញាតឱ្យនាវាដឹកប្រេងឆៅយកពីអ៉ីរ៉ាក់ ធ្វើដំណើរឆ្លងកាត់កន្លែងរឹតត្បិត នៅឈូងសមុទ្រមជ្ឈិមបូព៌ា ដើម្បីមកផ្គត់ផ្គង់ដល់ផ្តល់រោងចក្រចម្រាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៦។
ទិន្នន័យតាមដានចរាចរណ៍ផ្លូវទឹក MarineTraffic បង្ហាញថា នាវាដឹកប្រេង Agio Fanourios I ដោតទង់ជាតិប្រទេសម៉ាល់ត៍ ផ្ទុកប្រេងឆៅ ២លានបារ៉ែល បានចេញផុតពីច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១០ ខែឧសភា ហើយធ្វើដំណើរដល់ឈូងសមុទ្រអូម៉ង់ មុនពេលបកត្រឡប់ក្រោយវិញ នៅថ្ងៃទី១១ ខែឧសភា។
ទីបញ្ជាការកណ្តាលយោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា «កងកម្លាំងអាមេរិកបានប្តូរទិសនាវានេះ ជាផ្នែកនៃការអនុវត្តការទប់ស្កាត់ជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសអ៉ីរ៉ង់»។ វាមិនច្បាស់ទេពីសេចក្តីថ្លែងការណ៍ ថាតើកងទ័ពជើងទឹកអាមេរិកអាចនឹងអនុញ្ញាត ឱ្យនាវាធ្វើដំណើរទៅវៀតណាមតាមការស្នើសុំដែរ ឬយ៉ាងណា។
គួរបញ្ជាក់ថា យោធាអាមេរិក បានពង្រីកការទប់ស្កាត់ការដឹកជញ្ជូនរបស់អ៉ីរ៉ង់ ដោយរួមបញ្ចូលនាវាដឹកទំនិញ ដែលត្រូវបានចាត់ទុកថាជាទំនិញខុសច្បាប់៕





