លោក Lavrov លើកពីបច្ចុប្បន្នភាពទំនាក់ទំនងរុស្ស៉ី និងអាមេរិក ក្រោមរដ្ឋបាលលោក ត្រាំ (Video inside)

13-05-2026 16:31

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយនាថ្ងៃពុធ ទី១៣ ខែឧសភានេះថា មានការលើកឡើងច្រើនអំពីភាពវិជ្ជមាន ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ប៉ុន្តែតាមពិតទៅគ្មានអ្វីកើតឡើងទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ លោក​ ដូណាល់ ត្រាំ បានកសាងកិច្ចសន្ទនារបស់សហរដ្ឋអាមេរិកឡើងវិញ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានសន្យាម្តងហើយម្តងទៀតថា នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Lavrov គូសបញ្ជាក់ថា «ពាក្យល្អ» អំពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា ថាមពល និងគម្រោងផ្សេងទៀត រហូតមកដល់ពេលនេះគឺគ្មានអ្វីសោះ ប៉ុន្តែទីក្រុងមូស្គូ កោតសរសើរចំពោះការផ្តួចផ្តើមសន្ទនារបស់លោក ត្រាំ ជាមួយរុស្ស៉ី។

លោក Lavrov បានពណ៌នាកិច្ចសន្ទនាដែលបានកើតឡើងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ត្រាំ ថាគ្មានអ្វីប្លែកទេគឺដូចជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕