នាវាដឹកប្រេងរបស់ UAE លេចធ្លាយប្រេងចូលសមុទ្រអូម៉ង់ ក្រោយរងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់ (Video inside)

13-05-2026 20:28

(ឌូបៃ)៖ ក្រុមហ៊ុនប្រេងរដ្ឋអាប៊ូដាប៊ី (ADNOC) របស់អេមីរ៉ាតអារ៉ាប់រួម (UAE) បានបញ្ជាក់នាថ្ងៃពុធនេះថា នាវាដឹកប្រេងរបស់ខ្លួនមួយគ្រឿងដែលរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន បានលេចធ្លាយប្រេងឥន្ធនៈចូលទៅក្នុងដែនសមុទ្រអូម៉ង់មួយចំនួន ដែលនេះជាសញ្ញាព្រមានពីមហន្តរាយបរិស្ថានបង្កឡើងដោយសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ុនដឹកជញ្ជូន ADNOC L&S បានឱ្យដឹងថា នាវាឈ្មោះ M.V. Barakah ដែលរងការវាយប្រហារកាលពីថ្ងៃទី០៤ ខែឧសភា កំពុងបន្តបោះយុថ្កានៅឆ្នេរសមុទ្រអូម៉ង់នៅឡើយ។ ក្រុមហ៊ុនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាលេចធ្លាយប្រេងឥន្ធនៈនេះ ប៉ុន្តែមិនបានបញ្ជាក់ពីបរិមាណប្រេងដែលលេចធ្លាយនោះទេ។ កាលពីពេលវាយប្រហារ ក្រុមហ៊ុនធ្លាប់បានអះអាងថាមិនមាននាវិកណាម្នាក់រងរបួសឡើយ ហើយនាវានោះក៏មិនមានផ្ទុកទំនិញអ្វីដែរ។

យោងតាមរូបភាពពីផ្កាយរណបកាលពីថ្ងៃទី០៧ និងទី០៩ ខែឧសភា បានបង្ហាញពីស្នាមប្រេងពណ៌សហូរចេញពីនាវាយ៉ាងច្បាស់ ទោះបីជាស្នាមប្រេងនោះលែងមើលឃើញនៅក្នុងរូបភាពថ្មីៗក៏ដោយ។ គួរបញ្ជាក់ថា ការបិទខ្ទប់ច្រកសមុទ្រហ័រមូសពីសំណាក់ទីក្រុងតេហេរ៉ង់កំពុងធ្វើឱ្យនាវាចរណ៍នៅតំបន់នោះមានគ្រោះថ្នាក់យ៉ាងខ្លាំង ខណៈនាវារាប់រយគ្រឿងនៅតែបន្តជាប់គាំងក្នុងឈូងសមុទ្រនៅឡើយ៕