ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ១២នាក់នៅលីបង់ មុនកិច្ចចរចាដែលសម្របសម្រួលដោយអាមេរិក (Video inside)
13-05-2026 21:25
(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានប្រកាសនាថ្ងៃពុធនេះថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើរថយន្តជាច្រើនគ្រឿងនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សចំនួន ១២នាក់ ខណៈជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតែបន្តក្តៅគគុក មុនថ្ងៃរៀបចំកិច្ចចរចាជុំទី៣ រវាងលីបង់ និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជម្លោះដែលអូសបន្លាយជាង ១០សប្តាហ៍ ដែលផ្តើមចេញពីសង្គ្រាមនៅអ៊ីរ៉ង់នេះ កាន់តែមានភាពតានតឹងឡើង បន្ទាប់ពីក្រុមហេសបូឡាបានបញ្ជាក់ថា មេបញ្ជាការកងកម្លាំងពិសេស Radwan របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីសប្តាហ៍មុន។ ទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីខែមុនក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តបើកការវាយប្រហារដាក់គ្នាជាបន្តបន្ទាប់ ជាពិសេសនៅភាគខាងត្បូងប្រទេសលីបង់ ជាទីដែលអ៊ីស្រាអែលកំពុងកាន់កាប់ដើម្បីបង្កើត «តំបន់សុវត្ថិភាព»។
យោងតាមប្រភពសន្តិសុខនៅលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃពុធនេះ រួមមានការប្រើប្រាស់យន្តហោះដ្រូនចំនួន ៣គ្រឿង វាយប្រហារចំគោលដៅរថយន្តដែលកំពុងធ្វើដំណើរនៅតាមបណ្តោយផ្លូវហាយវេឆ្នេរសមុទ្រ ដែលស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីបេរូត ដែលជាតំបន់ស្ថិតនៅឆ្ងាយពីទីតាំងប្រយុទ្ធជាក់ស្តែងនៅភាគខាងត្បូង៕




