វិមានក្រឹមឡាំងថា រុស្ស៊ីអាចធ្វើធុរកិច្ចជាមួយអាមេរិកបាន ប្រសិនបើវ៉ាស៊ីនតោនឈប់ភ្ជាប់រឿងពាណិជ្ជកម្មទៅនឹងសង្គ្រាមអ៊ុយក្រែន (Video inside)

13-05-2026 22:58

(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនាថ្ងៃពុធនេះបានបញ្ជាក់ថា ប្រទេសរុស្ស៊ីមានចំណាប់អារម្មណ៍ក្នុងការធ្វើគម្រោងសេដ្ឋកិច្ចរួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឈប់ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទៅនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានលើកឡើងថា ក្រុមហ៊ុនរុស្ស៊ី និងអាមេរិក អាចទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគរួមគ្នាជាច្រើន។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើភាគីអាមេរិកស្ម័គ្រចិត្តផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មចេញពីដំណោះស្រាយនៅអ៊ុយក្រែន ឬរហូតដល់មានការដោះស្រាយនៅអ៊ុយក្រែនជាស្ថាពរ នោះយើងសង្ឃឹមថាផ្លូវសម្រាប់គម្រោងសេដ្ឋកិច្ចរួមគ្នានឹងត្រូវបានបើកចំហ»។

គួរបញ្ជាក់ថា កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានបង្ហើបពីសក្តានុពលនៃគម្រោងរួមគ្នានៅតំបន់អាឡាស្កា និងការរុករករ៉ែនៅតំបន់អាកទិក រួមទាំងសំណើសាងសង់ផ្លូវរូងក្រោមសមុទ្រ "Putin-Trump" ភ្ជាប់ប្រទេសទាំងពីរផងដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្នរុស្ស៊ីនៅតែបន្តរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក ដោយសារសង្គ្រាមនៅអ៊ុយក្រែន៕