យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត វាយប្រហារលើកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅអ៉ីរ៉ាក់ អំឡុងសង្រ្គាម
14-05-2026 09:04
(រីយ៉ាដ)៖ យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកលើគោលដៅជាប់ពាក់ព័ន្ធនឹងកងជីវពលស៊ីអ៉ីតដ៏មានឥទ្ធិពលមួយគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ អំឡុងសង្រ្គាមអ៉ីរ៉ង់ ខណៈការវាយប្រហារសងសឹកតាមផ្លូវអាកាសក៏ត្រូវបានធ្វើឡើងផងដែរ ចេញពីប្រទេសកូវ៉ែតលើគោលដៅស្ថិតនៅលើទឹកដីអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ដោយផ្អែកលើក្រុមមន្ត្រីអ៉ីរ៉ាក់ មន្ត្រីលោកខាងលិចម្នាក់ និងមន្ត្រី២នាក់ផ្សេងទៀតបានដឹងពីការវាយប្រហារខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងទៀតថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតត្រូវបានធ្វើឡើងដោយយន្ដហោះចម្បាំងនៃកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតលើគោលដៅមានជាប់ពាក់ព័ន្ធនឹងកងជីវពលគាំទ្រដោយអ៉ីរ៉ង់ ស្ថិតនៅក្បែរព្រំដែនភាគខាងជើងរបស់អារ៉ាប៊ីសាអូឌីតជាប់ជាមួយអ៉ីរ៉ាក់។ ការវាយប្រហារនេះទៀតសោត ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឈានដល់ បទឈប់បាញ់កាលពីថ្ងៃទី៧ ខែមេសា។
តាមប្រភពដែល Reuters ទទួលបាន ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានកំណត់គោលដៅលើទីតាំងដែលការវាយប្រហារដោយដ្រូន និងមីស៊ីល ត្រូវបានបាញ់ចេញតម្រង់រកអារ៉ាប៊ីសាអូឌីត និងបណ្ដារដ្ឋអារ៉ាប់ដទៃទៀត។ បន្ថែមពីលើនេះ ការវាយប្រហារចំនួន២លើកក៏ត្រូវបានធ្វើឡើងផងដែរចេញពីកូវ៉ែត សំដៅលើទៅរកទីតាំងកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅលើទឹកដីអ៉ីរ៉ាក់។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះបណ្ដាប្រទេសអារ៉ាប់រួមទាំងអារ៉ាប៊ីសាអូឌីតមិនបានទទួលស្គាល់ជាសាធារណៈនោះទេ អំពីការវាយប្រហារសងសឹកលើអ៉ីរ៉ង់៕




