លោក ត្រាំ និងលោក ស៊ី ជីនពីង ចាប់ដៃគ្នា នៅឯវិមានប្រជាជនចិន នៅប៉េកាំង (Video inside)
14-05-2026 09:19
(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបគ្នាហើយនៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មេដឹកនាំទាំង២បានស្វាមគ៍គ្នាដោយការចាប់ដៃ បន្ទាប់ពីក្បួនរថយន្ដរបស់លោក ត្រាំ បានធ្វើដំណើរទៅដល់វិមានប្រជាជនចិន អមដោយប្រតិភូជាន់ខ្ពស់អាមេរិក រួមមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និង CEO ក្រុមហ៊ុនអាមេរិកធំៗដូចជាលោក Elon Musk ដែលបានរង់ចាំដំណើរមកដល់របស់លោក ត្រាំ។
នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីឆ្នាំ២០១៧ ហើយវាក៏នឹងក្លាយជាជំនួបទល់មុខលើកដំបូងផងដែរ រវាងមេដឹកនាំនៃមហាអំណាចទាំង២ បន្ទាប់ពីបានជួបគ្នាក្នុងកិច្ចប្រជុំមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥។
មេដឹកនាំទាំង២ ត្រូវបានរំពឹងថានឹងពិភាក្សាគ្នាលើរបៀបវារៈរួមមានពាណិជ្ជកម្ម សង្រ្គាមអ៉ីរ៉ង់ AI តៃវ៉ាន់ និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ៕











