UAE ច្រានចោលជំនួបសម្ងាត់រវាងលោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin ​Zayed អំឡុងសង្រ្គាមអ៉ីរ៉ង់

14-05-2026 09:47

(ហ្ស៊េរុយសាឡិម)៖ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលអះអាងថាលោក Netanyahu បានធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម និងបានបើកិច្ចប្រជុំជាសម្ងាត់ជាមួយប្រធានាធិបតីនៃប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានឱ្យដឹងថាលោក Netanyahu បានធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមអំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងបានជួប ប្រធានាធិបតីនៃប្រទេសអារ៉ាប់មួយនេះ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin ​Zayed។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស UAE​ បាននិយាយថាទំនាក់ទំនងជាមួយអ៉ីស្រាអែល ជាទំនាក់ទំនងបើកចំហជាសាធារណៈ និងមិនផ្អែកលើ ការរៀបចំដំណើរទស្សនកិច្ចមិនផ្លូវការ ឬគ្មានតម្លាភាពនោះទេ។ «រាល់ការអះអាងពីដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងមុន ឬធ្វើឡើងជាសម្ងាត់ គឺជារឿងមិនពិត ដរាបណាមិនមានការប្រកាសផ្លូវការពីក្រុមមន្ត្រី UAE»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស UAE។

គួរបញ្ជាក់ថា បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជំនួបសម្ងាត់រវាងលោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin ​Zayed សម្រេចបាន លទ្ធផលជាប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ ដោយឡែក បើតាមប្រភពមួយដែលបានដឹងពីជំនួបនេះ លោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin ​Zayed បានជួបគ្នាក្នុងទីក្រុង Al-Ain ដែលមានព្រំប្រទល់ជាប់អូម៉ង់ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ដោយជំនួបនេះធ្វើឡើងអស់រយៈពេល ជាច្រើនម៉ោង៕