ប្រធានាធិបតីហ្វីលីពីនកោះប្រជុំបន្ទាន់ ក្រោយភាពវឹកវរនៅព្រឹទ្ធសភា ជាទីដែលសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC (Video inside)
14-05-2026 13:07
(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានកោះកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមមន្រ្តីជាន់ខ្ពស់ ចំពោះមុខការរីកធំឡើងនៃភាពតានតឹងផ្នែកនយោបាយ បន្ទាប់ពីមានភាពវឹកវររហូតដល់ផ្ទុះស្នូរកាំភ្លើងនៅឯព្រឹទ្ធសភា ជាទីដែលសមាជិកសភាម្នាក់កំពុងសំងំជ្រកកោន ដោយសារភ័យខ្លាចការចាប់ខ្លួន ក្រោមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Ronald dela Rosa គឺជាអតីតអគ្គស្នងការប៉ូលិសជាតិ និងជាអ្នកដឹកនាំយុទ្ធនាការសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម របស់អតីតប្រធានាធិបតី លោក Rodrigo Duterte។ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទចោទប្រកាន់ដូចគ្នា ទៅនឹងលោក Duterte។
ស្នូរកាំភ្លើងបានបន្លឺឡើង កាលពីយប់ថ្ងៃពុធ នៅក្នុងអគារព្រឹទ្ធសភា ប៉ុន្មានម៉ោងបន្ទាប់ពី លោក dela Rosa បានអំពាវនាវនៅលើបណ្តាញសង្គមឱ្យក្រុមអ្នកគាំទ្រជួយធ្វើសកម្មភាព ជាមួយការអះអាងថា អាជ្ញាធរអនុវត្តច្បាប់កំពុងព្យាយាមដើម្បីមកនាំខ្លួនលោកចេញពីព្រឹទ្ធសភា។ ឧប្បត្តិហេតុនោះ បានបង្កជាភាពចលាចល ហើយមានវត្តមានកងកម្លាំងសន្តិសុខ និងប៉ូលិសយ៉ាងច្រើននៅក្នុងបរិវេណព្រឹទ្ធសភា រួមជាមួយការធ្វើបាតុកម្មតវ៉ានៅបរិវេណខាងក្រៅ ខណៈកងម៉ារីនរបស់យោធា ត្រូវបានបញ្ជូនឱ្យទៅជួយពង្រឹងសន្តិសុខបន្ថែម។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានកោះប្រជុំជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងសន្តិសុខ ខណៈអ្នកនាំពាក្យប៉ូលិស បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ហើយការស៉ើបអង្កេតបានបើកធ្វើឡើង។ លោក Marcos និងទីភ្នាក់ងារនានារបស់រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា ពុំមានការចេញបទបញ្ជាណាមួយ ដើម្បីចាប់ខ្លួនលោក dela Rosa នោះទេ។
នាពេលនេះ ភាពតានតឹងផ្នែកនយោបាយ ហាក់កំពុងកើនឡើងនៅប្រទេសហ្វីលីពីន ជុំវិញទាំងករណីរបស់លោក dela Rosa និងការសម្រេចចិត្តរបស់រដ្ឋសភាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីចាប់ផ្តើមនីតិវិធីដកតំណែងកូនស្រីលោក Rodrigo Duterte គឺលោកស្រី Sara Duterte ដែលជាអនុប្រធានាធិបតី។ លោកស្រីកំពុងស្ថិតនៅទីក្រុងឡាអេនៃប្រទេសហូឡង់ ដើម្បីសួរសុខទុក្ខឪពុកដែលកំពុងជាប់ឃុំ។
លោកស្រី Sara Duterte គឺជាដៃគូឈរឈ្មោះរបស់លោក Marcos ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី កាលពីឆ្នាំ២០២២ ប៉ុន្តែសម្ព័ន្ធភាពនៃគ្រួសារទាំងពីរ បានដួលរលំទៅវិញ ហើយឥឡូវលោកស្រីកំពុងត្រូវតតាំងដើម្បីសង្រ្គោះអាយុជីវិតនយោបាយរបស់ខ្លួន ដោយប្រឈមការជំនុំជម្រះនៅព្រឹទ្ធសភាស្តីពីការដកតំណែង ដែលនឹងអាចបញ្ចប់ឱកាសឈរឈ្មោះរបស់លោកស្រី ជាប្រធានាធិបតីនៅឆ្នាំ២០២៨។ លោកស្រី Sara Duterte បាននិយាយថា លោក dela Rosa ហាក់កំពុងប្រឈមមុខជាមួយអ្វីដូចដែលបានកើតឡើងចំពោះឪពុកលោកស្រី លោក Rodrigo Duterte យ៉ាងដូច្នោះ។ លោក Rodrigo Duterte ត្រូវបានប៉ូលិសហ្វីលីពីន ចាប់និងបញ្ជូនខ្លួនឱ្យ ICC កាលពីឆ្នាំមុន។
កាលពីថ្ងៃចន្ទ តុលាការ ICC បានបញ្ចេញជាសាធារណៈ នូវដីកាចាប់ខ្លួនសម្រាប់លោក dela Rosa ដែលមានកាលបរិច្ឆេទ តាំងខែវិច្ឆិកា ឆ្នាំ២០២៥។ លោក dela Rosa បានដាក់ពាក្យបណ្តឹងបន្ទាន់មួយ ទៅកាន់តុលាការកំពូលរបស់ហ្វីលីពីន ដើម្បីព្យាយាមរារាំងការផ្ទេររូបលោកទៅកាន់ ICC ក្រោមហេតុផលថា ICC មិនមានយុត្តាធិការលើហ្វីលីពីនទៀតទេ ក្រោយការដកខ្លួនកាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោក Ronald dela Rosa គឺជាមនុស្សជំនិតបំផុតរបស់លោក Duterte ដោយទទួលបន្ទុកមើលការខុសត្រូវលើសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានបណ្តាលឱ្យ ជនសង្ស័យជួញដូរគ្រឿងញៀនរាប់ពាន់នាក់ស្លាប់ នៅហ្វីលីពីន។ ក្រុមសិទ្ធិមនុស្សចោទថា ប៉ូលិសហ្វីលីពីនបានប្រព្រឹត្តអំពើឃាតកម្មជាប្រព័ន្ធ ហើយលាក់បាំងទង្វើរបស់ខ្លួន។ ប៉ូលីសបានច្រានចោលការចោទប្រកាន់នោះ ហើយអះអាងថា មនុស្សជាង៦០០០នាក់ ដែលត្រូវបានសម្លាប់ គឺសុទ្ធតែប្រដាប់ដោយអាវុធ និងមិនព្រមឱ្យចាប់ខ្លួនតាមសម្រួល។ យ៉ាងណាមិញ ក្រុមសកម្មជនបាននិយាយថា តួលេខអ្នកស្លាប់ពិតប្រាកដ គឺច្រើនជាងនោះឆ្ងាយ និងប្រហែលគ្មានថ្ងៃអាចដឹងច្បាស់ទេ៕








