លោក ស៉ី ជីនពីង ប្រាប់លោក ត្រាំ៖ បញ្ហាតៃវ៉ាន់បើចាត់ចែងមិនត្រឹមត្រូវ អាចឈានដល់ផ្ទុះជម្លោះរវាងកំពូលមហាអំណាចទាំងពីរ (Video inside)
14-05-2026 13:40
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានព្រមានអំពីលទ្ធភាពនៃការផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ហើយលោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាវាគឺជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។
អំឡុងកិច្ចពិភាក្សាជាមួយលោក ត្រាំ នៅទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះថា «ប្រសិនបើបញ្ហាតៃវ៉ាន់ចាត់ចែងបានល្អ ទំនាក់ទំនងទ្វេភាគីជាទូទៅ អាចបន្តមានស្ថិរភាព។ ប៉ុន្តែប្រសិនបើវាចាត់ចែងមិនបានល្អទេនោះ ប្រទេសទាំងពីរអាចប៉ះទង្គិចគ្នា ឬថែមទាំងឈានដល់ការផ្ទុះជម្លោះតែម្តង ដែលនឹងរុញច្រានទំនាក់ទំនងចិន-អាមេរិកទាំងមូល ទៅក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់»។ លោក ស៉ី បានបន្ថែមថា ការប្រកាសឯករាជ្យដោយតៃវ៉ាន់ គឺមិនអាចត្រូវគ្នាឡើយ ជាមួយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយសន្តិភាពនៅច្រកសមុទ្រនេះ គឺជាផលប្រយោជន៍រួមដែលប្រសើរជាងគេបង្អស់ រវាងចិននិងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន និងមិនដែលបោះបង់ជម្រើសប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងដែនកោះនេះឡើយ។ ប៉ុន្មានឆ្នាំមកនេះ ចិនបានបង្កើនការធ្វើសមយុទ្ធយោធាធំៗក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងហ្វឹកហាត់ការហ៊ុមព័ទ្ធ ជាហេតុនាំរដ្ឋាភិបាលទីក្រុងតៃប៉ិ ក៏ដូចជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ កាន់តែព្រួយបារម្ភ។ កាលពីឆ្នាំ២០២៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកញ្ចប់លក់សព្វាវុធទំហំ១១ពាន់លានដុល្លារ ដល់តៃវ៉ាន់ ដែលធ្វើឱ្យចិនមិនពេញចិត្តជាខ្លាំង។ មុនពេលលោក ត្រាំ មកដល់ប៉េកាំង ចិនបានគូសបញ្ជាក់ជាថ្មី អំពីជំហរប្រឆាំងរបស់ខ្លួនចំពោះការលក់អាវុធរបស់អាមេរិកឱ្យដែនកោះនេះ៕









