តៃវ៉ាន់សម្តែងការដឹងគុណចំពោះអាមេរិក ហើយថាចិនជាហានិភ័យតែមួយគត់ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ (Video inside)

14-05-2026 14:53

(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ចិនគឺជាតួអង្គតែមួយគត់គ្មាននរណាផ្សេងទៀតឡើយ ដែលបង្កហានិភ័យចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា បញ្ហាតៃវ៉ាន់អាចនាំទៅរកការផ្ទុះជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរនៅទីក្រុងប៉េកាំង បច្ចុប្បន្នគឺជាតួអង្គបង្កហានិភ័យតែឯងមួយគត់ ដែលគំរាមកំហែងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយក្រសួងបានលើកឡើងអំពីការធ្វើទុក្ខបុកម្នេញ និងការធ្វើសកម្មភាពយោធាតំបន់ពណ៌ប្រផេះ ឬហៅថា grey-zone tactics នៅក្បែរតៃវ៉ាន់ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ថាជាភស្តុតាង។ ក្រសួងការបរទេសតៃវ៉ាន់ បានបន្ថែមថា ទីក្រុងប៉េកាំងគ្មានសិទ្ធិអ្វីមកធ្វើការអះអាងជំនួសតៃវ៉ាន់ នៅលើឆាកអន្តរជាតិឡើយ។

គួរបញ្ជាក់ថា ទន្ទឹមគ្នានោះ ទីក្រុងតៃប៉ិក៏បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ដែនកោះរបស់ខ្លួន​ផងដែរ។ នៅពេលត្រូវបានសាកសួរ អំពីកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៉ី អ្នកនាំពាក្យរដ្ឋាភិបាលតៃវ៉ាន់ លោកស្រី Michelle Lee បាននិយាយថា សហរដ្ឋអាមេរិក បានគូសបញ្ជាក់ម្តងហើយម្តងទៀត អំពីគោលជំហរដ៏ច្បាស់លាស់នៃការគាំទ្រ​សម្រាប់តៃវ៉ាន់ ដូច្នេះហើយរដ្ឋាភិបាលតៃប៉ិ ពិតជាអរគុណខ្លាំងណាស់៕