មីយ៉ាន់ម៉ា ស្នើដាក់ទោសប្រហារជីវិត សម្រាប់បទល្មើសធ្ងន់ធ្ងរពាក់ព័ន្ធការឆបោកតាមបច្ចេកវិទ្យា (Video inside)

14-05-2026 16:24

(ណៃពិដោ)៖ ប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយស្នើឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់អ្នកដែលឃុំឃាំង ឬបង្ខិតបង្ខំជនរងគ្រោះដោយហិង្សា ឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online scam)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បណ្តុំស្កេមអនឡាញ បានរីកដុះដាលក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើអ្នកប្រើប្រាស់អ៉ីនធឺណេត នៅទូទាំងពិភពលោក តាមរយៈរូបភាពវិនិយោគលើរូបិយប័ណ្ណគ្រីបតូ (cryptocurrency) និងការបង្កើតទំនាក់ទំនងស្នេហា។ មានជនបរទេសចំណាកស្រុករាប់សិបនាក់ ត្រូវបានរាយការណ៍ថា ត្រូវគេជួញដូរទៅកាន់ទីតាំងនានា ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរងការធ្វើទារុណកម្មពីពួកស្កេមអនឡាញ។

សេចក្តីព្រាងច្បាប់ថ្មីនឹងអនុញ្ញាតឱ្យមានការផ្តន្ទាទោសប្រហារជីវិត សម្រាប់អំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួន និងការឃុំឃាំងដោយខុសច្បាប់ ឬប្រព្រឹត្តិអំពើឃោរឃៅប្រឆាំងមនុស្សម្នាក់ទៀត ដើម្បីបង្ខំពួកគេឱ្យប្រព្រឹត្តការឆបោកតាមអនឡាញ។

ច្បាប់ «Anti-Online Scam Bill» ក៏រួមបញ្ចូលផងដែរនូវការផ្តន្ទាទោសអតិបរមាមួយជីវិត នៅក្នុងពន្ធនាគារ សម្រាប់អ្នកដែលបើកទីតាំងប្រព្រឹត្តស្កេមអនឡាញ និងពួកឆបោករូបិយប័ណ្ណគ្រីបតូ។ សភាគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា គ្រោងបើកសម័យប្រជុំរបស់ខ្លួន ក្នុងសប្តាហ៍ដំបូងនៃខែមិថុនា៕