លោក Xi Jinping ជួបពិភាក្សាការងារជាមួយលោក ត្រាំ ប្រធានាធិបតីអាមេរិក
14-05-2026 16:55
(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មាន ក្នុងរយៈពេល១រយឆ្នាំ មានសភាពកាន់តែខ្លាំងឡើងៗ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង ពិភពលោកបានឈានដល់ផ្លូវបំបែកថ្មី តើចិននិងអាមេរិកអាចពួតដៃគ្នាឆ្លើយតបនឹងការប្រឈមសកល និងបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកទេ?
តើចិននិងអាមេរិកអាចផ្តោតសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងជោគវាសនារបស់មនុស្សជាតិ ហើយរួមគ្នាកសាងអនាគតដ៏ល្អបវរសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរបានទេ ? ប្រការទាំងនេះ ជាវិញ្ញាសាដាក់ចេញដោយប្រវត្តិសាស្ត្រ ពិភពលោក និងប្រជាជន ហើយក៏ជាវិញ្ញាសានៃយុគសម័យដែលត្រូវរួមគ្នា ឆ្លើយដោយអ្នកដឹកនាំនៃប្រទេសធំៗ។
លោក Xi Jinping បានលើកឡើងថា ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា សង្គ្រាមពាណិជ្ជកម្ម គឺគ្មានអ្នកឈ្នះទេ ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ប្រឈមមុខនឹងការខ្វែងគំនិតនិងជម្លោះ ការពិគ្រោះពិភាក្សាដោយសមភាពជាជម្រើសត្រឹមត្រូវតែមួយគត់ ។ ម្សិលមិញ ការចរចានៃក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទទួលបានសមិទ្ធផលវិជ្ជមាន និងមានតុល្យភាពជាទូទៅ នេះគឺជាដំណឹងល្អចំពោះប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក។
លោក Xi Jinping បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ ប្រសិនបើដោះស្រាយបានល្អ នោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏អាចរក្សាស្ថិរភាពជាទូទៅ ។ ប្រសិនបើដោះស្រាយមិនបានល្អ នោះ ប្រទេសទាំងពីរនឹងមានវិវាទរហូតដល់កើតមានការប៉ះទង្គិច ដែលនឹងរុញទំនាក់ទំនងរវាងចិននិងអាមេរិកទៅកាន់សភាពគ្រោះថ្នាក់បំផុត ។ ដូច្នេះ ការគាំពារសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ជាតួចែករួមធំបំផុតរបស់ភាគីទាំងពីរចិននិងអាមេរិក។
ជាការឆ្លើយតប លោកត្រាំបានថ្លែងថា ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកមានអនាគតដ៏ល្អបវរ។ លោក Xi Jinping ប្រធានរដ្ឋចិនជាមេដឹកនាំដ៏អស្ចារ្យមួយរូប ខ្ញុំមានកិត្តិយសណាស់ដែលអាចបំពេញទស្សនកិច្ចនៅប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន




