អាមេរិក និងចិនពិភាក្សាពីការបង្កើតយន្តការគ្រប់គ្រងប្រព័ន្ធ AI ដើម្បីការពារទិន្នន័យសម្ងាត់

14-05-2026 19:16

(វ៉ាស៊ីនតោន)៖ គណៈប្រតិភូសហរដ្ឋអាមេរិក និងចិន នឹងពិភាក្សាគ្នាអំពីការបង្កើតយន្តការគ្រប់គ្រង និងការពារប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅក្នុងជំនួបកំពូលនាទីក្រុងប៉េកាំង ដើម្បីបង្កើតជាគោលការណ៍រួមមួយ ក្នុងការរារាំងមិនឱ្យតួអង្គមិនមែនរដ្ឋ អាចទទួលបានម៉ូដែល AI ដ៏មានអានុភាពខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសសេន (Scott Bessent) បានសង្កត់ធ្ងន់ថា ការរក្សាបាននូវភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកលើប្រទេសចិនក្នុងវិស័យ AI គឺជារឿង «សំខាន់បំផុត» ហើយនេះក៏ជាមូលហេតុដែលទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ក្នុងការពិភាក្សាពីការគ្រប់គ្រង និងការពារប្រព័ន្ធនេះផងដែរ។

លោក បេសសេន បានបន្ថែមយ៉ាងដូច្នេះថា «អ្វីដែលយើងមិនចង់ធ្វើ គឺការរារាំងដល់ការបង្កើតថ្មី។ ដូច្នេះ ការទទួលខុសត្រូវរបស់យើង គឺត្រូវស្វែងរកចំណុចតុល្យភាពមួយ ដែលយើងអាចទទួលបានទាំងការច្នៃប្រឌិតខ្ពស់បំផុត និងកម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងពេលតែមួយ»៕