រុស្ស៊ីប្រកាសពង្រឹង «ភាពជាដៃគូពេញលេញ» ជាមួយរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន (Video inside)
14-05-2026 19:28
(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់រុស្ស៊ី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងបង្កើត «ភាពជាដៃគូពេញលេញ» ជាមួយក្រុមតាលីបង់ដែលកំពុងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងកំពុងជំរុញឱ្យបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងកាប៊ុលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax លោក សឺហ្គី សយហ្គូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានគូសបញ្ជាក់ថា កិច្ចសហការជាមួយរដ្ឋាភិបាលតាលីបង់ មានសារៈសំខាន់ណាស់សម្រាប់សន្តិសុខ និងការអភិវឌ្ឍតំបន់។ លោកបានបន្ថែមថា ទីក្រុងមូស្គូកំពុងកសាង «កិច្ចសន្ទនាប្រកបដោយអត្ថន័យ» ជាមួយក្រុមតាលីបង់ ដែលគ្របដណ្តប់លើវិស័យសន្តិសុខ ពាណិជ្ជកម្ម វប្បធម៌ និងការផ្តល់ជំនួយមនុស្សធម៌។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសមភាគីមកពីអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការ បន្ទាប់ពីក្រុមនេះបានដណ្តើមអំណាចនៅខែសីហា ឆ្នាំ២០២១ ក្រោយការដកទ័ពរបស់សហរដ្ឋអាមេរិក។ ទោះបីជាតាលីបង់ធ្លាប់ត្រូវបានរុស្ស៊ីចាត់ទុកជាក្រុមភេរវករតាំងពីឆ្នាំ២០០៣ ក៏ដោយ ប៉ុន្តែបម្រាមនេះត្រូវបានដកចេញវិញនៅខែមេសា ឆ្នាំ២០២៥ ដោយសាររុស្ស៊ីមើលឃើញពីភាពចាំបាច់ក្នុងការសហការជាមួយអាហ្វហ្គានីស្ថាន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធសាសនាឥស្លាមផ្សេងទៀតនៅក្នុងតំបន់៕






