លោក ត្រាំ ហៅលោក​ សុី ជា​ «មិត្តភក្តិ» ហើយអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែកញ្ញាខាងមុខ (Video inside)

14-05-2026 20:47

(ប៉េកាំង)៖ នៅក្នុងពិធីជប់លៀងផ្លូវរដ្ឋនារដ្ឋធានីប៉េកាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាដោយចាត់ទុកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «មិត្តភក្តិ» និងបានបញ្ជាក់ថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងមានលក្ខណៈស្ថាបនាបំផុត។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ និងមានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ នៅក្នុងឱកាសនោះ លោកប្រធានាធិបតីក៏បានឆ្លៀតអញ្ជើញលោក ស៊ី ជិនពីង ឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ស្ទីលនៃការថ្លែងសុន្ទរកថារបស់លោក ត្រាំ ក្នុងកម្មវិធីនេះ មានភាពខុសប្លែកពីធម្មតា ដោយលោកបានរក្សាភាពស្ងប់ស្ងាត់ អានតាមអត្ថបទដែលបានព្រាងទុកយ៉ាងប្រុងប្រយ័ត្ន និងមិនមានការនិយាយពន្យល់ក្រៅសាច់រឿង ឬបង្វែរប្រធានបទ ដូចទម្លាប់ដែលលោកធ្លាប់ធ្វើកន្លងមកនោះឡើយ៕