អ៊ីស្រាអែលព្រមានប្តឹងកាសែត New York Times ជុំវិញអត្ថបទចោទប្រកាន់ពីការរំលោភបំពានផ្លូវភេទលើអ្នកទោសប៉ាឡេស្ទីន (Video inside)
14-05-2026 21:59
(ហ្ស៊េរុយសាឡឹម)៖ ប្រទេសអ៊ីស្រាអែលកំពុងរៀបចំផែនការប្តឹងកាសែត The New York Times (NYT) និងអ្នកសារព័ត៌មានម្នាក់ពីបទបរិហារកេរ្តិ៍ ជុំវិញការចុះផ្សាយអត្ថបទមួយដែលបានចោទប្រកាន់ថា កងទ័ព ឆ្មាំគុក និងអ្នកតាំងទីលំនៅអ៊ីស្រាអែល បានប្រព្រឹត្តអំពើហិង្សាផ្លូវភេទយ៉ាងទូលំទូលាយទៅលើអ្នកទោសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា លោកបានណែនាំឱ្យក្រុមទីប្រឹក្សាច្បាប់ ពិចារណាចាត់វិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹងបំផុតប្រឆាំងនឹងកាសែតនេះ និងលោក នីកូឡាស់ គ្រីស្តូហ្វ (Nicholas Kristof) ដែលជាអ្នកសារព័ត៌មានជើងចាស់ចុះយកព័ត៌មានពីតំបន់ West Bank។ លោក នេតាន់យ៉ាហ៊ូ បានរិះគន់យ៉ាងខ្លាំងថា អត្ថបទនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកងទ័ពអ៊ីស្រាអែល និងព្យាយាមបង្កើតការប្រៀបធៀបខុសឆ្គងរវាង «ភេរវករហាម៉ាស និងទាហានដ៏ក្លាហានរបស់អ៊ីស្រាអែល»។
គួរបញ្ជាក់ថា ជុំវិញការគំរាមប្តឹងនេះ កាសែត NYT បានចេញមុខការពារអត្ថបទរបស់ខ្លួន ដោយបញ្ជាក់ថា ការរៀបរាប់របស់ជនរងគ្រោះប៉ាឡេស្ទីនចំនួន ១៤នាក់ ដែលត្រូវបានសម្ភាសន៍ គឺមានការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ជាមួយសាក្សី និងមេធាវីរបស់ពួកគេ។ នៅក្នុងអត្ថបទនោះផងដែរ លោក គ្រីស្តូហ្វ បានសរសេររិះគន់ថា ប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកកំពុងត្រូវបានយកទៅឧបត្ថម្ភដល់ស្ថាប័នសន្តិសុខអ៊ីស្រាអែល ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកសមគំនិតក្នុងអំពើហិង្សាផ្លូវភេទនេះ៕




