អ៊ីរ៉ង់ជំរុញឱ្យប្រទេស BRICS ថ្កោលទោសសង្គ្រាមរបស់អាមេរិក ខណៈចោទប្រកាន់ UAE ថាមានការពាក់ព័ន្ធ (Video inside)
14-05-2026 22:47
(ញូវដេលី)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) នៅថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យក្រុមប្រទេស BRICS ថ្កោលទោសចំពោះអ្វីដែលលោកចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីការទូតនៅទីក្រុងញូវដេលី ចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្តក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងកិច្ចប្រជុំនោះ លោក អារ៉ាក់ជី បានចោទប្រកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ថាមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ការប្រឈមមុខដាក់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និង UAE ស្ថិតក្នុងបន្ទប់ប្រជុំតែមួយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានចាត់ទុកប្រទេសរបស់លោកថាជា «ជនរងគ្រោះនៃការពង្រីកទឹកដីខុសច្បាប់ និងការញុះញង់ឱ្យមានសង្គ្រាម» ព្រមទាំងបានអំពាវនាវឱ្យសមាជិក BRICS+ រួមគ្នាទប់ទល់នឹងអនុត្តរភាពរបស់លោកខាងលិច។
ទោះជាយ៉ាងណា ការចោទប្រកាន់ចំៗទៅលើប្រទេស UAE ដែលមានលោក ខាលីហ្វា សាហ៊ីន អាល់ ម៉ារ៉ា (Khalifa Shaheen Al Marar) អនុរដ្ឋមន្ត្រីការបរទេសជាតំណាងចូលរួមនោះ អាចនឹងធ្វើឱ្យស្ថាប័ន BRICS ជួបការលំបាកក្នុងការចេញសេចក្តីថ្លែងការណ៍រួម ដោយសារស្ថាប័ននេះធ្វើការសម្រេចចិត្តដោយផ្អែកលើគោលការណ៍ឯកច្ឆន្ទ៕





