មេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន នឹងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុង Andong នៅសប្ដាហ៍ក្រោយ (Video inside)

15-05-2026 10:33

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Andong ប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយសម្រាប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ដែលនឹងរួមបញ្ចូលទាំងកិច្ចប្រជុំកំពូលជាមួយ លោកប្រធានាធិបតី Lee Jae Myung។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។

ដំណើរទស្សនកិច្ចរបស់លោកស្រី Takaichi ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ គឺជាផ្នែកមួយនៃការទូតទៅវិញទៅមករវាងប្រទេសជិតខាងទាំង២ និងធ្វើឡើងតបតាមការអញ្ជើញ ពីលោក Lee អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករាដើមឆ្នាំ២០២៦។ លោក Lee និងលោកស្រី Takaichi បានជួបគ្នាលើកចុងក្រោយបំផុត កាលពីខែមករា នៅពេលលោកប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចទៅកាន់ខេត្ត Nara ដែលជាស្រុកកំណើតរបស់លោកស្រី Takaichi។ ទីក្រុង Andong មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១៩០គីឡូម៉ែត្ររដ្ឋធានីសេអ៊ូល និងជាស្រុកកំណើតរបស់លោក Lee។

តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់លោកស្រី Takaichi នឹងក្លាយជាផ្ដោះប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមកជាលើកដំបូងបំផុតរវាងមេដឹកនាំកំពុងកាន់អំណាច របស់កូរ៉េខាងត្បូង និងជប៉ុន ទៅកាន់ស្រុកកំណើតរបស់ខ្លួនទៅវិញទៅមក។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងលោក Lee និងលោកស្រី Takaichi ត្រូវបានរំពឹងថានឹងផ្តោតលើទិសដៅនៃទំនាក់ទំនងទ្វេភាគី និងមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះរួមមានសេដ្ឋកិច្ច និងការធានាការពារឱ្យបានល្អប្រសើរសម្រាប់ការផ្ដោះប្ដូរដំណើរទស្សនកិច្ចរវាងប្រជាជននៃប្រទេសទាំង២។ ក្រៅពីនេះសង្រ្គាមអ៉ីរ៉ង់ និងបញ្ហាពិភពលោកមួយចំនួន ក៏នឹងសិ្ថតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងមេដឹកនាំទាំង២ផងដែរ៕