លោក Rubio ថាគុយបាត្រូវតែប្តូរមេដឹកនាំ ខណៈអាមេរិកកំពុងព្យួរថវិកាជំនួយ ១០០លានដុល្លារ (Video inside)
15-05-2026 11:11
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា វិបត្តិដែលកំពុងប៉ះពាល់ដល់របបដឹកនាំនៅគុយបា អាចកែមកវិញបាន ខណៈដែលទីក្រុងវ៉ាស៉ីនតោននឹងផ្តល់ជំនួយ ១០០លានដុល្លារ ប្រសិនបើប្រទេសដីកោះមួយនេះ យល់ព្រមសហការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។
នៅលើយន្តហោះ Air Force One ពេលធ្វើដំណើរអមប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន លោក Rubio និយាយថា សេដ្ឋកិច្ចគុយបាលែងដំណើរការហើយ តែប្រទេសនេះនៅមិនព្រមផ្លាស់ប្តូរ ហើយថាដរាបណាមនុស្សមួយក្រុមនៅតែដឹកនាំ នោះគុយបាមិនអាចប្តូរគន្លងរបស់ខ្លួនបានទេ។
សប្តាហ៍មុន លោក Rubio បាននិយាយថា គុយបាបានបដិសេធការផ្តល់ជូនរបស់សហរដ្ឋអាមេរិក សម្រាប់ជំនួយចំនួន ១០០លានដុល្លារ។ ក្រោយការអត្ថាធិប្បាយរបស់លោក Rubio ពីជំនួយនោះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បាននិយាយថាវាគឺជាការកុហក ហើយថាគ្មាននរណាបានដឹងឡើយ។
គួរបញ្ជាក់ថា ប្រទេសគុយបា កំពុងរងទុក្ខដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កង្វះខាតថាមពល ៦៥ភាគរយនៃតម្រូវការប្រើប្រាស់ នាំឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពងងឹត។ មេដឹកនាំគុយបាដាក់បន្ទុកទៅលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ថាជាហេតុធ្វើឱ្យសេដ្ឋកិច្ចគុយបារងគ្រោះ៕




