ឥណ្ឌា ដំឡើងថ្លៃប្រេងសាំង និងម៉ាស៊ូត ជាង៣ភាគរយ (Video inside)

15-05-2026 11:56

(ញូវដែលី)៖ ឈ្មួញលក់រាយក្នុងទីក្រុង Delhi បានឱ្យដឹងថា តម្លៃប្រេងសាំង និងម៉ាស៊ូតក្នុងប្រទេសឥណ្ឌា ត្រូវបានដំឡើងថ្លៃ ០.០៣សេនដុល្លារ ក្នុងមួយលីត្រ ឬច្រើនជាង ៣ភាគរយ ដែលជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដើម្បីទូទាត់ការខាតបង់មួយចំនួន ដែលកើតឡើងដោយសារតែតម្លៃប្រេងឆៅសកល កើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។

តម្លៃប្រេងពិភពលោកបានហក់ដល់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទ និងការរំខាននៅច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ ឥណ្ឌាជាប្រទេសក្រោយគេដែលទើបដំឡើងថ្លៃប្រេងឥន្ធនៈ។ ក្រោយការដំឡើង ​ប្រេងម៉ាស៊ូតនៅទីក្រុង Delhi នឹងមានតម្លៃ ៩០.៦៧រូពីក្នុងមួយលីត្រ រីឯសាំងមានតម្លៃ ៩៧.៧៧រូពី។

តាមលោកស្រី Madhavi Arora ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Emkay Financial Services ដែលមានមូលដ្ឋាននៅទីក្រុង Mumbai ផលប៉ះពាល់ដោយផ្ទាល់នៃការដំឡើងថ្លៃប្រេងឥន្ធនៈ នឹងនៅត្រឹមចំណុចមូលដ្ឋាន ០.១៥ភាគរយ នៃអតិផរណាតម្លៃទំនិញប្រើប្រាស់ប៉ុណ្ណោះ ទោះបីជាផលប៉ះពាល់ដោយប្រយោល នឹងមានទំហំធំជាងមុនក៏ដោយ៕