អ៉ីស្រាអែល និងលីបង់ បន្តបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ
16-05-2026 09:48
(វ៉ាស៉ីនតោន)៖ អ៉ីស្រាអែល និងលីបង់ បានយល់ព្រមលើការបន្តបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ខណៈដែលការពិភាក្សា ២ថ្ងៃសម្របសម្រួលដោយទីក្រុងវ៉ាស៉ីនតោនបានបញ្ចប់កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ជាមួយនិងការព្រមព្រៀងគ្នាថានឹងរៀបចំជំនួបបន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា ការបញ្ឈប់អរិភាពនៅថ្ងៃទី១៦ ខែមេសា នឹងត្រូវពន្យារពេល ៤៥ថ្ងៃដើម្បីឱ្យមានវឌ្ឍនភាពថែមទៀត ដោយបន្ថែមថាការពិភាក្សាដែលមានគោលបំណងដោះស្រាយជម្លោះច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរគឺមានលទ្ធផលល្អ។ បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃអាទិត្យ។
គណៈប្រតិភូលីបង់ និងអ៉ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍វិជ្ជមានអំពីការពិភាក្សា នោះ។ វាគឺជាជំនួបលើកទី ៣របស់ពួកគេចាប់តាំងពីអ៉ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសលើប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡាបាញ់មីស៉ីលទៅកាន់អ៉ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ពោលគឺ ៣ថ្ងៃក្រោយសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ផ្ទុះឡេីង៕




