ចិន និងអាម៉េរិករួមគ្នាដឹកនាំនាវាសេដ្ឋកិច្ចសាកលលោកទៅកាន់ស្ថិរភាព និងពោរពេញទៅដោយទំនុកចិត្ត
16-05-2026 20:32
(ប៉េកាំង)៖ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦នេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាទស្សនកិច្ចទី២ របស់លោក នៅប្រទេសចិន និងជាលើកដំបូងក្នុងអំឡុងអាណត្តិប្រធានាធិបតីលើកទី២ ដែលជាការធ្វើទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកនៅចិន ក្នុងរយៈពេលជិត ៩ ឆ្នាំចុងក្រោយនេះ។ ព្រឹត្តិការណ៍នេះកើតឡើងក្នុងបរិបទនៃភាពតានតឹងទ្វេភាគីដ៏ខ្លាំងក្លា លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការពារជាតិ ក្នុងពេលដែលវិបត្តិតំបន់ ហូម៉ូស ដែលជាកត្តានាំឱ្យថ្លៃឧស្ម័ននិងប្រេងឡើងខ្ពស់ និងរួមចំណែកបង្កឱ្យការរីកចម្រើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពភ័យខ្លាច។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេសម្លឹងឃើញថាជាដំណើរឆ្ពោះទៅរកស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរអាមេរិកនិងចិន។ លើសពីនេះទៀត ដំណើរទស្សនកិច្ចនេះ នឹងនាំពិភពលោកទៅដល់ស្ថិរភាពសេដ្ឋកិច្ច និង សន្តិសុខជាសាកលផងដែរ ជាពិសេសការតភ្ជាប់ឡើងវិញនូវ ខ្សែច្រវ៉ាក់ផលិតកម្មដែលត្រូវបានកាត់ផ្តាច់តាំងពីឆ្នាំ២០១៨ នាយុគសម័យសង្គ្រាមពាណិជ្ជកម្ម និងការដាក់ពន្ធបដិកាលើគ្នាទៅវិញទៅមក។
សកម្មភាពនៃប្រព័ន្ធការពារនិយមក្នុងវិស័យពាណិជ្ជកម្មរបស់អាមេរិកត្រូវបានអនុវត្ត បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រងផលប៉ពាល់ជាច្រើន ជាពិសេសប្រទេសនៅ តំបន់អឹរ៉ុប និង អាស៊ី ជាពិសេសប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចៗ និង ប្រទេសផលិតសម្រាប់ធ្វើការនាំចេញ ដើម្បីរស់រានតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធបដិការបស់សហរដ្ឋអាម៉េរិក និង ប្រព័ន្ធការពារនិយមលើពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បានជះឥទ្ធិពលអវិជ្ជមានលើប្រទេសខ្លួនឯងច្រើនជាងផល ជះមកលើប្រទេសចិន។ ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ចិន ជាគំរូសេដ្ឋកិច្ចបែបថ្មីសម្រាប់ពិភពលោក ត្រូវបានគេហៅថាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមបែបចិន ដែលមានភាពធន់នឹងវិបត្តិរបស់ពិភពលោកជាបន្តបន្ទាប់ ជាពិសេសការលូតលាស់នៃបច្ចេកវិទ្យាឌីជីថល។
ការបើកផ្លូវស្ថិរភាពសេដ្ឋកិច្ចសាកលឡើងវិញ ជាលទ្ធផលដែលពិភពលោកកំពុងរំពឹងទុក ដែលមិនអាចឱ្យសហរដ្ឋអាម៉េរិកបន្តរឹតបន្តឹងលើពាណិជ្ជកម្មអន្តរជាតិ យូរទៅទៀតទេ។ ការថប់ដង្ហើមសេដ្ឋកិច្ច បានព្រមានដល់ពិភពលោក និងសហរដ្ឋអាម៉េរិកខ្លួនឯងជាងប្រទេសចិន ដែលមិនអាចធ្វើឱ្យសេដ្ឋកិច្ចចិនដួលរលំបាន តែអាចធ្វើបាត់បង់ទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិកយ៉ាងច្រើន។ ដូច្នេះហើយ ទើបក្នុងដំណើរទស្សនកិច្ចនេះ សហរដ្ឋអាម៉េរិក និងចិន ត្រូវបានរំពឹងថានឹងព្រមព្រៀងគ្នា បង្កើតវេទិកាផ្សេងៗ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ខណៈដែលប្រទេសចិនត្រូវបានរំពឹងថានឹងប្រកាសពីការបញ្ជាទិញ ពាក់ព័ន្ធនឹងយន្តហោះ កសិផល និងថាមពលរបស់ប្រទេសអាម៉េរិក។
ភាពជោគជ័យនៃកិច្ចប្រជុំ ត្រូវបានគេរំពឹងថា ប្រធានាធិបតីនៃប្រទេសទាំងពីរនឹងចាក់បញ្ចូលនូវកម្លាំងចលករថ្មី ទៅក្នុងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងផ្តល់នូវភាពប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោក។ ដំណើរដ៏វែងឆ្ងាយសម្រាប់សុខដុមរមនារបស់ពិភពលោក ឆ្ពោះទៅរកសន្តិសហវិជ្ជមាន រវាងមនុស្សជាតិ និងសេដ្ឋកិច្ច មិនមែនជាដំណើររបស់ប្រទេសមួយនោះទេ តែវាជាតម្រូវការរបស់ប្រទេសទាំងអស់លើសាកលលោក ដែលក្នុងនោះ ប្រទេសចិនជាគំរូថ្មី ក្នុងការដឹកនាំជំរុញនាវាសេដ្ឋកិច្ចឱ្យបានទៅមុខទាំងអស់គ្នា ដោយមានការចូលរួមពីសហរដ្ឋអាម៉េរិក ឈានដល់ការបន្ធូរនូវភាពតានតឹងសាកល និង ដឹកនាំនាវាសេដ្ឋកិច្ចសាកលលោកទៅកាន់ស្ថិរភាព និងពោរពេញទៅដោយទំនុកចិត្ត៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា




