អ៊ុយក្រែនបាញ់ដ្រូនជាង៥០០គ្រឿងលើរុស្ស៉ី សម្លាប់មនុស្សយ៉ាងហោច៤នាក់ (Video inside)

17-05-2026 14:14

(មូស្គូ)៖ នាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរនៅប្រទេសរុស្ស៉ី បានឱ្យដឹងថា ការវាយប្រហារដ៏ធំ​មួយដោយយន្តហោះដ្រូនអ៊ុយក្រែនសរុបជាង ៥០០គ្រឿង កាលពីវេលាយប់កន្លងទៅ បានបណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់ដ្រូនចំនួន៥៥៦គ្រឿង នៅតាមតំបន់ជាច្រើននៃប្រទេសរុស្ស៉ី ក្នុងនោះរួមមាន​ទាំងតំបន់រដ្ឋធានីមូស្គូ។ អភិបាលតំបន់មូស្គូ លោក Andrey Vorobyov បានអះអាងថា ស្រ្តីម្នាក់ និងបុរស២នាក់ បានស្លាប់ ក្នុងការវាយប្រហារនេះ ហើយ​មានមនុស្សប៉ុន្មាននាក់ទៀតរងរបួស។ រីឯអាជ្ញាធរនៅតំបន់ Belgorod ជាប់នឹងអ៊ុយក្រែន ក៏បានរាយការណ៍ពីមនុស្សស្លាប់ម្នាក់ផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែននិងរុស្ស៉ី បានបង្កើនការវាយប្រហារដាក់គ្នាឡើងវិញ ក្រោយការដោះដូរឈ្លើយសឹកថ្មីចុងក្រោយ និងការផុតសុពលភាពនៃបទឈប់បាញ់​រយៈពេល៣ថ្ងៃ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ឆ្លើយតបការវាយប្រហាររបស់យោធារុស្ស៉ី ក្នុងសង្រ្គាមរយៈពេលជាង៤ឆ្នាំមកនេះ អ៊ុយក្រែនជារឿយៗបានវាយប្រហារ​តបតចូលមកប្រទេសរុស្ស៉ីវិញ ដោយអះអាងថា ខ្លួនកំណត់គោលដៅលើទីតាំងយោធានិងថាមពល៕