កងទ័ពអាកាសឥណ្ឌូណេស៉ី ទទួលបានយន្តហោះចម្បាំងបារាំង Rafale ៦គ្រឿងដំបូងជាផ្លូវការ (Video inside)

18-05-2026 17:54

(ហ្សាការតា)៖ នាថ្ងៃចន្ទ ទី១៨ ខែឧសភា​ ឆ្នាំ២០២៦ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បាននិយាយថា ឥណ្ឌូណេស៉ីនឹងបន្តខិតខំកសាងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពោះមុខភាពប្រែប្រួលមិនច្បាស់លាស់ នៃស្ថានការណ៍ភូមិសាស្រ្តនយោបាយពិភពលោក ក្នុងឱកាសលោកប្រគល់យន្តហោះចម្បាំង Rafale ដែលផលិតដោយប្រទេសបារាំង និងបរិក្ខារយោធាដទៃទៀត ឱ្យទៅកងទ័ពអាកាសឥណ្ឌូណេស៉ីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីខែមករា ដើមឆ្នាំនេះ ឥណ្ឌូណេស៉ី ទទួលបានយន្តហោះចម្បាំង Rafale ៣គ្រឿងដំបូង ហើយទើបទទួលបាន៣គ្រឿងទៀត អំឡុងពិធីប្រគល់ផ្លូវការ នាថ្ងៃចន្ទនេះតែម្តង។ ទាំង៦គ្រឿងនេះ ស្ថិតក្នុងផ្នែកនៃការបញ្ជាទិញយន្តហោះចម្បាំង Rafale សរុប​ចំនួន៤២គ្រឿង ពីក្រុមហ៊ុនបារាំង Dassault Aviation ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨,១ពាន់លានដុល្លារ ចុះហត្ថលេខាកាលពីឆ្នាំ​២០២២។

អំឡុងពិធីខាងលើ លោក Prabowo បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា នេះជាសមិទ្ធផលសំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀត នៃ​សមត្ថភាពរបស់យើង។ ពួកយើងនឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីធ្វើជាការកំញើញទប់ស្កាត់។ យើងមិនមាន​ចំណាប់អារម្មណ៍អ្វីផ្សេង ក្រៅពីរក្សាការពារទឹកដីរបស់យើងនោះឡើយ»

គួរបញ្ជាក់ថា ក្រៅពីយន្តហោះចម្បាំង Rafale លោក Prabowo ដែលជាអតីតមេបញ្ជាការកងកម្លាំងយោធាពិសេស ក៏បានប្រគល់ផងដែរ នូវយន្តហោះដឹកអ្នកដំណើរលក្ខណៈឯកជន Dassault Falcon 8X ចំនួន៤គ្រឿង យន្តហោះ Airbus A00M MRTT ១គ្រឿង ប្រព័ន្ធរ៉ាដា Thales GM403 GCI ១គ្រឿង រួមជាមួយមីស៉ីល Meteor BVR និងគ្រាប់បែកវៃឆ្លាត AASM Hammer។ កិច្ចព្រមព្រៀងបរិក្ខារយោធាទាំងនេះ ត្រូវបានចុះហត្ថលេខាតាំងពីពេល លោក Prabowo នៅកាន់តំណែង​ជារដ្ឋមន្រ្តីការពារជាតិ ក្រោមអាណត្តិរដ្ឋាភិបាលមុន៕