ព្រឹទ្ធសភាហ្វីលីពីនប្រកាសបើកនីតិវិធីទម្លាក់លោកស្រី សារ៉ា ឌូទើតេ ចំពេលមានភាពវឹកវរនយោបាយ (Video inside)
18-05-2026 20:17
(ម៉ានីល)៖ ព្រឹទ្ធសភាហ្វីលីពីន ក្នុងនាមជាតុលាការជំនុំជម្រះក្តី នៅថ្ងៃចន្ទនេះ បានប្រកាសចាប់ផ្តើមនីតិវិធីជាផ្លូវការ ដើម្បីទម្លាក់អនុប្រធានាធិបតី លោកស្រី សារ៉ា ឌូទើតេ (Sara Duterte) ចេញពីតំណែង។ ការចោទប្រកាន់នេះអាចនឹងបំផ្លាញមហិច្ឆតារបស់លោកស្រីក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨ ប្រសិនបើរកឃើញថាមានកំហុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នីតិវិធីផ្លូវច្បាប់នេះប្រព្រឹត្តទៅចំពេលមានភាពចលាចលនយោបាយយ៉ាងខ្លាំង បន្ទាប់ពីសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald dela Rosa) ដែលកំពុងរងការតាមចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្ហាញខ្លួនជាថ្មីក្រោយលាក់ខ្លួនអស់ ៦ខែ។ ការបង្ហាញខ្លួនរបស់ លោក ដេឡា រ៉ូសា បានជួយគាំទ្រឱ្យលោក អាឡាន់ ភីធើ កាយេតាណូ (Alan Peter Cayetano) ដែលជាសម្ព័ន្ធមិត្តរបស់លោកស្រី សារ៉ា បានឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា ដើម្បីក្តោបក្តាប់ការជំនុំជម្រះក្តីនេះ។
គួរបញ្ជាក់ថា ទោះបីជាតុលាការនៅមិនទាន់កំណត់ថ្ងៃបើកសវនាការសួរដេញដោលជាក់លាក់នៅឡើយក្តី ប៉ុន្តែតុលាការបានទុកពេល ១០ថ្ងៃ ឱ្យលោកស្រី សារ៉ា អាយុ ៤៧ឆ្នាំ ដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរជុំវិញការចោទប្រកាន់ពីបទកិបកេងថវិការដ្ឋ ការប្រមូលទ្រព្យសម្បត្តិដោយខុសច្បាប់ និងការគំរាមសម្លាប់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) រួមទាំងស្រ្តីទីមួយ។ ជាការឆ្លើយតប លោកស្រីបានទាត់ចោលរាល់ការចោទប្រកាន់ ដោយចាត់ទុកថាវាគ្រាន់តែជារឿងនយោបាយតែប៉ុណ្ណោះ៕





