លោក ពូទីន៖ រុស្ស៉ី និងចិន ត្រៀមជាស្រេចដើម្បីគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាជាច្រើនដូចជាការការពារអធិបតេយ្យ (Video inside)
19-05-2026 09:21
(តូក្យូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៉ី និងចិនបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាជាច្រើនក្នុងនោះរួមមានឯកភាពជាតិ និងការការពារអធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ពូទីន នៅក្នុងសុន្ទរកថាជាវីដេអូមួយ នៅមុនដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ចិនដោយចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក ពូទីនបានគូសបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងរវាងរុស្ស៉ី និងចិនបានឈានដល់កម្រិតមួយមិនធ្លាប់មានពីមុនមកនៃការយោគយល់ និងជឿជាក់គ្នាទៅវិញទៅមក»។ លោកបន្ថែមថា ប្រទេសទាំង២បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការផ្អែកលើគោលការណ៍ផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក និងសមភាព ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលប៉ះពាល់ដល់ប្រយោជន៍ស្នូលនៃប្រទេសទាំង២ ក្នុងនោះរួមមានការការពារអធិបតេយ្យ និងឯកភាពជាតិ។
តាមលោក ពូទីន រុស្ស៉ី និងចិនកំពុងពង្រីកយ៉ាងសកម្មនូវទំនាក់ទំនងក្នុងសេដ្ឋកិច្ច នយោបាយ និងការពារជាតិ ហើយទំនាក់ទំនងជិតស្និទ្ធ និងយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងមូស្គូ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពពិភពលោក៕




