គុយបា ព្រមានពីហានិភ័យនៃសកម្មភាពយោធាអាមេរិក ក្រោយសេចក្តីរាយការណ៍អំពីដ្រូន (Video inside)
19-05-2026 12:05
(ឡាហាវ៉ាន)៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងគុយបា នឹងនាំទៅដល់ការបង្ហូរឈាម រួមជាមួយផលវិបាកមិនអាចគណនាបាន សម្រាប់សន្តិភាព និងស្ថិរភាពតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។
នៅលើបណ្តាញសង្គម X លោក Diaz-Canel សរសេរថា «គុយបា មិនមែនជាការគំរាមកំហែងណាមួយឡើយ»។
ការអត្ថាធិប្បាយនេះធ្វើឡើងក្រោយរបាយការណ៍របស់សារព័ត៌មាន Axios ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយោងលើប្រភពចារកម្មសម្ងាត់ ថាគុយបាបានទទួលយន្តហោះដ្រូនយោធាជាង ៣០០គ្រឿង ហើយបានពិភាក្សាអំពីផែនការប្រើប្រាស់វា ដើម្បីវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រ Guantanamo នាវាយោធាអាមេរិក និងកោះ Key West រដ្ឋ Florida។
ជុំវិញសេចក្តីរាយការណ៍នេះ គុយបាចាត់ទុកថា សហរដ្ឋអាមេរិកកំពុងប្រឌិតករណីមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃអន្តរាគមន៍យោធាដ៏មានសក្កានុពល។ នៅតាមដងផ្លូវនៃរដ្ឋធានីឡាហាវ៉ាន អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេនឹងតស៊ូទប់ទល់ចំពោះការវាយប្រហារណាមួយ ទោះបីជាប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ៕




