ក្រុមការងារសុខាភិបាល កំពុងទប់ទល់នឹងការឆ្លងរាលដាលជំងឺ Ebola យ៉ាងរហ័សនៅកុងហ្គោ (Video inside)
19-05-2026 15:35
(គីនស្ហាសា)៖ គិតត្រឹមថ្ងៃចន្ទ ទី១៨ ខែឧសភា បុគ្គលិកពេទ្យបានសម្រុកទៅកាន់ទីតាំងជួរមុខ ដែលមានការផ្ទុះឡើងនៃជំងឺ Ebola ថ្មី ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងជាទីដែលអ្នកផ្សព្វផ្សាយសាសនាអាមេរិកម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាកុងហ្គោ មានបទពិសោធន៍ក្នុងការដោះស្រាយជំងឺ Ebola ប៉ុន្តែការផ្ទុះឡើងនាពេលថ្មីៗ និងភាពរីករាលដាលយ៉ាងរហ័ស ធ្វើឱ្យអ្នកជំនាញសុខាភិបាលមានការព្រួយបារម្ភ។ គិតត្រឹមថ្ងៃអង្គារនេះ ក្នុងប្រទេសកុងហ្គោ មានករណីសង្ស័យស្លាប់ដោយជំងឺ Ebola ចំនួន ១៣១នាក់ និងករណីសង្ស័យឆ្លងជំងឺ Ebola ៥១៣នាក់ នៅខេត្ត Ituri ជាមួយករណីចំនួន ៨ ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធន៍។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឱ្យដឹងថា ខ្លួនកំពុងធ្វើការដើម្បីនាំពលរដ្ឋអាមេរិក ទៅព្យាបាល និងថែទាំនៅអាល្លឺម៉ង់។ តាម CDC មនុស្ស ៦នាក់ផ្សេងទៀតដែលសង្ស័យឆ្លងជំងឺនេះ ក៏នឹងត្រូវផ្ទេរចេញពីកុងហ្គោផងដែរ។
អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ថ្នាក់ជំងឺ Ebola ជាបញ្ហាសុខភាពសាធារណៈបន្ទាន់ និងជាក្តីបារម្ភជាអន្តរជាតិ ដោយសារតែហានិភ័យខ្ពស់នៃការីករាលដាល ហួសពីប្រទេសកុងហ្គោ ក្រោយអ្នកឆ្លងពីរនាក់ត្រូវបានរកឃើញនៅអ៊ូហ្កង់ដា ដែលជាប្រទេសជិតខាងកុងហ្គោ៕







