* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការជំរុញការអភិវឌ្ឍវិស័យសេវាកម្មរបស់ចិន នឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកាតាលីករនៃកំណើនសេដ្ឋកិច្ចសកល

20-05-2026 17:33

(ប៉េកាំង)៖ បន្ទាប់ពីសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងផ្លាស់ប្តូរពីគំរូអភិវឌ្ឍន៍ដែលផ្តោតលើ “កំណើនល្បឿនលឿន” ទៅជា “ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់” សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅសតវត្សរ៍ទី២ នៃការកសាងប្រទេសសង្គមនិយមទំនើប លើគ្រប់វិស័យ នៅត្រឹមឆ្នាំ២០៤៩។

ក្នុងបរិបទនេះ វិស័យសេវាកម្មបានដើរតួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានចីរភាព ភាពធន់ និងបរិយាបន្ន រដ្ឋាភិបាលចិនបាននិងកំពុងដាក់ចេញ នូវរបៀបវារៈធ្វើទំនើបកម្មលើអនុវិស័យគន្លឹះសំខាន់​ៗ រួមមាន៖ សេវាកម្មវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ភស្តុភារកម្មឆ្លាតវៃ និងសូហ្វវែរព័ត៌មានវិទ្យាជាដើម។

តាមរយៈការធ្វើសមាហរណកម្មរវាងសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងសេវាកម្មឆ្លាតវៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានសង្កេតឃើញនូវការរីកចម្រើននៃទម្រង់ការងារថ្មីៗយ៉ាងរស់រវើក ដូចជា៖ អ្នកផ្សាយផ្ទាល់តាមបណ្តាញសង្គម, អ្នកដឹកជញ្ជូន និងអ្នកបើកបរតាមរយៈកម្មវិធីទូរស័ព្ទ, និងកម្លាំងពលកម្មសេវាកម្ម ដែលផ្អែកលើថ្នាលឌីជីថលជាច្រើនផ្សេងទៀត។

ជាក់ស្តែង យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន វិស័យសេវាកម្មបានក្លាយទៅជាកម្លាំងជំរុញ ដ៏លេចធ្លោមួយក្នុងការបង្កើតការងារ ដោយបានស្រូបយកកម្លាំងពលកម្ម ក្នុងស្រុកប្រមាណជាងពាក់កណ្តាល និងរួមចំណែកប្រមាណ ៥៧,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ចិន ក្នុងឆ្នាំ២០២៥។ តាមការព្យាករណ៍ ទំហំវិស័យសេវាកម្មរបស់ចិននឹងកើនលើសពី ១០០ ទ្រីលានយ័ន (ប្រហែល ១៤,៥៦ ទ្រីលានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០)។

សក្តានុពលនៃវិស័យសេវាកម្មនេះ កាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត នៅពេលដែលប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រីក និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យសេវាកម្ម ព្រមទាំងកសាងម៉ាកយីហោ “សេវាកម្មចិន” ឱ្យឈានដល់ដំណាក់កាលថ្មីមួយទៀត នៅឯសន្និសីទជាតិលើកទី១ ស្តីពីវិស័យសេវាកម្ម កាលពីដើមខែមេសា កន្លងទៅ។

លើសពីការគាំទ្រដល់កំណើនក្នុងស្រុក ការធ្វើទំនើបកម្មវិស័យសេវាកម្មក៏កំពុងរួមចំណែកដល់ ការបើកទូលាយកម្រិតខ្ពស់ របស់ចិនទៅកាន់សហគមន៍អន្តរជាតិ និងដើរតួនាទីជាកាតាលីករនៃកំណើនសេដ្ឋកិច្ចសកលផងដែរ។ ឱនភាពពាណិជ្ជកម្ម សេវាកម្មចិនក្នុងទំហំប្រមាណ ៨២៨,៧២ ប៊ីលានយ័ន ក្នុងឆ្នាំ២០២៥ មិនមែនជាសញ្ញាអវិជ្ជមាននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំង នូវតម្រូវការដ៏ធំរបស់ចិន ក្នុងការនាំចូលសេវាកម្មលំដាប់ខ្ពស់ពីបរទេស ដើម្បីបម្រើដល់ការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មសេវាកម្ម និងបង្កើនការប្រើប្រាស់ក្នុងស្រុក។

សន្ទុះនៃតម្រូវការសេវាកម្មទំនើបរបស់ចិន នឹងនាំមកនូវកាលានុវត្តភាពធុរកិច្ចថ្មីៗសម្រាប់សហគមន៍អន្តរជាតិ ហើយនឹង រួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការបើកទូលាយកម្រិតខ្ពស់ និងបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។

ខណៈជំរុញការបើកទូលាយកម្រិតខ្ពស់ជាបន្តបន្ទាប់ក្នុងវិស័យសេវាកម្មសំខាន់ៗដូចជា ទូរគមនាគមន៍ អ៊ីនធឺណិត និងវប្បធម៌ ប្រទេសចិនបានកាត់បន្ថយបញ្ជីអវិជ្ជមាន (Negative List) សម្រាប់ការវិនិយោគបរទេសជាបន្តបន្ទាប់ ហើយបានបើកដំណើរការ ជាផ្លូវការនូវប្រតិបត្តិការពន្ធគយឯករាជ្យនៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន នៅចុងឆ្នាំ២០២៥។ ការណ៍នេះ នឹងអនុញ្ញាតឱ្យ គ្រប់ដៃគូអន្តរជាតិរបស់ចិន ទទួលបានបរិយាកាសដែលអំណោយផលជាងមុន ដើម្បីនាំផលិតផលនិងសេវាកម្មទំនើប ទៅកាន់ទីផ្សារចិន។

សរុបមកវិញ ទោះបីជាពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និន្នាការគាំពារនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាលក៏ដោយ ប្រទេសចិននៅតែប្តេជ្ញាចិត្តយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងជំរុញទំនើបកម្មនៃវិស័យសេវាកម្មរបស់ខ្លួន។ ដំណើរការវិវត្តនេះ មិនត្រឹមតែដើរតួនាទីជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងទីផ្សារការងារក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងក្លាយទៅជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា