អភិបាលតំបន់រុស្ស៉ី អះអាងថា​ ការវាយប្រហារដោយដ្រូនអ៊ុយក្រែន សម្លាប់មនុស្ស២នាក់

21-05-2026 14:18

(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ថា មនុស្សចំនួន២នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើក្រុង Syzran នៃតំបន់ Samara ប្រទេសរុស្ស៉ី កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រោងចក្រចម្រាញ់ប្រេងដ៏ធំមួយ ស្ថិតនៅក្រុង Syzran ដែលមានចម្ងាយប្រហែល១០០០គីឡូម៉ែត្រ ពីព្រំប្រទល់អ៊ុយក្រែន ប៉ុន្តែអភិបាលតំបន់ Samara លោក ​Vyacheslav Fedorishchev មិនបានលើកឡើងថា តើមានហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាតដែរឬក៏អត់ឡើយ។ ក្រៅពីនេះ ក៏មានមានមនុស្ស៣នាក់បានរងរបួស ក្នុងការវាយប្រហារដោយដ្រូន នៅក្រុង Shebekino ក្នុងតំបន់ Belgorod ដែលស្ថិតជាប់ព្រំប្រទល់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា​ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាមដែលផ្ទុះឡើងកាលពីឆ្នាំ២០២២ បានបន្តជាប់គាំង ហើយភាគីទាំងពីរ បានវាយប្រហារគ្នាតាមផ្លូវអាកាសទៅវិញទៅមកជាប្រចាំ ដែលរួមមានទាំងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល៕