ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើក្បាលរថភ្លើងរុស្ស៊ី សម្លាប់បុគ្គលិកផ្លូវដែក ៣នាក់
21-05-2026 22:50
(ម៉ូស្គូ)៖ ក្រុមហ៊ុនផ្លូវដែករដ្ឋរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិករបស់ខ្លួនចំនួន ៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីក្បាលរថភ្លើងមួយគ្រឿង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅក្នុងតំបន់ប្រាយយ៉ានស្ក៍ (Bryansk) របស់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជនរងគ្រោះទាំង ៣នាក់ គឺជាបុគ្គលិករបស់ក្រុមហ៊ុនផ្លូវដែករុស្ស៊ី ហើយត្រូវបានវាយប្រហារចំពេលកំពុងបំពេញការងារនៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងទីក្រុងអ៊ូនីឆា (Unecha)។ អភិបាលស្តីទីនៃតំបន់ Bryansk លោក យ៉េហ្គ័រ កូវ៉ាល់ឈុក (Yegor Kovalchuk) ក៏បានបញ្ជាក់ពីការវាយប្រហារលើទីក្រុងមួយនេះផងដែរ។
គួរបញ្ជាក់ថា តំបន់ Bryansk គឺជាតំបន់ព្រំដែនរបស់រុស្ស៊ីដែលស្ថិតនៅជាប់នឹងប្រទេសអ៊ុយក្រែន ហើយតំបន់មួយនេះតែងតែរងការកំណត់គោលដៅវាយប្រហារជាញឹកញាប់ពីសំណាក់កងកម្លាំងអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីឆ្នាំ២០២២ មកម្ល៉េះ៕




