ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានពីហានិភ័យក្នុងទីផ្សារប្រេងពិភពលោក នារដូវក្តៅខាងមុខ (Video inside)
22-05-2026 11:26
(ឡុងដ៏)៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានព្រមានថា ទីផ្សារប្រេងពិភពលោកនឹងចូលទៅក្នុង «តំបន់ក្រហម Red Zone» អំឡុងរដូវក្តៅនៅខែកក្កដា ឬខែសីហាខាងមុខ ប្រសិនបើគ្មានដំណោះស្រាយ បិទបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុងទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។
នៅឯវេទិកាអ្នកវិភាគរបស់វិទ្យាស្ថាន Chatham House ទីក្រុងឡុងដ៏ លោក Birol បាននិយាយថា ស្របពេលអតិរេកប្រេងក្នុងទីផ្សារ មុនពេលមានសង្រ្គាមបានជួយទប់ទល់ផលរំខានផ្នែកថាមពលក៏ដោយ ស្តុកប្រេងនាពេលនេះ កំពុងតែថមថយ។ វាក៏នឹងត្រូវការពេលច្រើនដើម្បីធ្វើឱ្យផលិតកម្ម ក៏ដូចជាសមត្ថភាពចម្រាញ់ អាចត្រឡប់ទៅកម្រិតមុនសង្គ្រាមវិញ។ នេះជាការបន្ថែមរបស់លោក Birol។
គួរបញ្ជាក់ថា ជាការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ អ៉ីរ៉ង់បានបញ្ឈប់ចរាចរណ៍នាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ធ្វើឱ្យស្ទះចរាចរណ៍ប្រេង និងឧស្ម័ន ជំរុញឱ្យតម្លៃកើនឡើងខ្ពស់។ បទឈប់បាញ់ថ្ងៃទី៨ ខែមេសា បានបញ្ឈប់សង្គ្រាមក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចារកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង បានបរាជ័យ ដែលកំពុងដាក់បន្ទុកលើសេដ្ឋកិច្ចពិភពលោក៕







