អាមេរិកប្រកាសថា មេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា នឹងធ្វើទស្សនកិច្ចទៅឥណ្ឌា ដើម្បីនិយាយរឿងលក់ប្រេង (Video inside)
22-05-2026 13:20
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានឱ្យដឹងថា ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការលក់ប្រេង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វាគឺជាសេចក្តីប្រកាសខុសពីធម្មតាមួយ ដែលបង្ហាញឱ្យឃើញពីឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីយោធាអាមេរិកបានចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro កាលពីខែមករា។ លោក Rubio បានលើកអំពីគម្រោងទស្សនកិច្ចរបស់លោកស្រី Delcy ស្របពេលដែលរូបលោកផ្ទាល់ ត្រូវធ្វើដំណើរចេញក្រៅប្រទេស ក្នុងទស្សនកិច្ចមួយ ដែលនឹងនាំលោកទៅដល់ប្រទេសឥណ្ឌា ចាប់ផ្តើមពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
លោកស្រី Delcy ដែលមុនក្លាយជាប្រធានាធិបតីស្តីទី មានតួនាទីជាអនុប្រធានាធិបតីរបស់លោក Maduro ទទួលបានការកោតសរសើរពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ជាពិសេសការបើកទូលាយវិស័យប្រេង។ វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលមានធនធានប្រេងបម្រុងក្រោមដី ច្រើនជាងគេបង្អស់លើលោក។
ដោយឡែក ឥណ្ឌាគឺជាប្រទេសនាំចូលថាមពលជិតពាក់កណ្តាល នៃតម្រូវការថាមពលទាំងអស់របស់ខ្លួន ក្នុងនោះភាគច្រើនគឺប្រេង។ ឥណ្ឌាគឺជាអតិថិជនធំមួយនៃប្រេងអ៉ីរ៉ង់ រហូតទាល់តែនៅពេលលោក ត្រាំ កាលពីអំឡុងអាណត្តិទី១ បានគំរាមដាក់ទណ្ឌកម្មប្រឆាំងប្រទេសទាំងឡាយណា ដែលទិញប្រេងពីប្រទេសអ៉ីរ៉ង់៕





