យោធាមីយ៉ាន់ម៉ាបង្កើនការវាយលុកនៅតំបន់ព្រំដែន ដើម្បីដណ្តើមការគ្រប់គ្រងពីក្រុមឧទ្ទាមមកវិញ
25-05-2026 15:07
(ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ា បានបង្កើនការវាយលុកចូលទៅក្នុងតំបន់ព្រំដែនមួយចំនួន ក្នុងនោះរួមមានទាំងតំបន់ដែលសម្បូរធនធានរ៉ែកម្រដ៏សំខាន់ ព្រមទាំងច្រកផ្លូវពាណិជ្ជកម្មសំខាន់ៗ ពោលគឺមួយខែបន្ទាប់ពីរដ្ឋាភិបាលថ្មី បានឡើងគ្រប់គ្រងប្រទេសហែកហួរដោយសង្រ្គាមស៉ីវិលមួយនេះជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រុមឧទ្ទាម និងអ្នកវិភាគ បាននិយាយថា ប្រមុខយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងកាលពីខែមីនា ក្រោយប្រមុខយោធាមុន គឺលោក Min Aung Hlaing ចុះចេញពីតំណែង ដើម្បីធ្វើជាប្រធានាធិបតីក្នុងរដ្ឋាភិបាលថ្មី កំពុងតែបង្កើនការវាយលុកយ៉ាងខ្លាំងក្លា ដើម្បីព្យាយាមដណ្តើមយកវិញ នូវបណ្តាមូលដ្ឋានឈរជើងយុទ្ធសាស្រ្តនៅតាមព្រំដែន ពីក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ដែលបានកើនឡើងកម្លាំងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ។
ប្រតិបត្តិការវាយលុកថ្មីៗមួយរយៈចុងក្រោយរបស់យោធាមីយ៉ាន់ម៉ា គឺត្រូវបានផ្តោតទៅលើរដ្ឋ Kachin ជាតំបន់ដែលសម្បូរទៅដោយធនធានរ៉ែកម្រ ស្ថិតក្បែរព្រំប្រទល់ជាមួយចិន ព្រមទាំងរដ្ឋ Chin នៅជាប់ព្រំប្រទល់ឥណ្ឌា ហើយនិងច្រករបៀងពាណិជ្ជកម្មសំខាន់មួយ នៅរដ្ឋ Karen ក្បែរប្រទេសថៃ។
គួរបញ្ជាក់ថា កាលពីខែមេសា អតីតប្រមុខយោធាក្លាយជាប្រធានាធិបតីស៉ីវិល លោក Min Aung Hlaing បានអំពាវនាវឱ្យក្រុមឧទ្ទាមមកចូលចរចារកសន្តិភាព ក្នុងរយៈពេល១០០ថ្ងៃ ខណៈវាជាសំណើមួយ ដែលត្រូវបានក្រុមឧទ្ទាមជាច្រើននាំគ្នាបដិសេធភ្លាមៗ។ ជម្លោះបច្ចុប្បន្ននៅមីយ៉ាន់ម៉ាបានផ្ទុះឡើង កាលពីឆ្នាំ២០២១ នៅពេលយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតដោយស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី៕







